ក្មេងប្រុសអាយុប្រហែល ១៣ឆ្នាំ កំពុងទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកលេងអ៊ិនធើណេត ដោយសារតែរូបគេ បានផ្តល់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថភ្លើង ទៅឲ្យស្ត្រីមានផ្ទៃពោះម្នាក់ ខណៈដែលមនុស្សធំដែលអង្គុយនៅទល់មុខគេ ហាក់គ្មានចិត្តអីបន្តិចសោះ។
អាកប្បកិរិយារបស់ក្មេងប្រុសនោះ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតសម្តែងការសប្បាយចិត្ត ហើយពួកគេគ្មានអ្វីក្រៅតែពីការកោតសរសើរនោះទេ ចំណែកមនុស្សធំចំនួន ៣នាក់អង្គុយនៅទល់មុខគ្នា បានត្រឹមតែសម្លឹងមើល ប៉ុន្តែមិនមានចិត្តថ្លើមសោះ។
បើតាមវីដេអូ បានបង្ហាញថាស្ត្រីម្នាក់បានដើរចូលក្នុងរថភ្លើងក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែមិនមានកៅអីអង្គុយទំនេរសោះ រួចគាត់ក៏មកឈរ និងតោងបង្កាន់ដៃ។
បន្ទាប់ពីឈរបានមួយសន្ទុះ បុរសៗចំនួន ៣នាក់មិនមានប្រតិកម្មអ្វីសោះ ដោយពួកគេបាន ត្រឹមតែសម្លឹងមើលស្ត្រីនោះ ប៉ុន្តែស្រាប់ តែក្មេងប្រុសតូចម្នាក់នៅក្បែរនោះ បានក្រោកឡើងហើយ ឲ្យស្ត្រីមានផ្ទៃពោះរូបនោះ អង្គុយកន្លែងរបស់ខ្លួន រួចគេទៅឈរក្បែរនោះវិញ។
ឃ្លីបវីដេអូ របស់ក្មេងប្រុសចិត្តល្អនោះ ទទួលបានការទស្សនៈជិត ៣លាននាក់៕
ប្រភព៖ Trends Zilla
សុភ័ក្ត្រ