កាមេរ៉ាសន្តិសុខមួយ បានបង្ហាញបុរសម្នាក់ដែលត្រូវបានចាត់ទុកថាជនស្តាំនិយម បានបញ្ចេញកាយវិការធាក់ទៅលើរូបសំណាករម្លឹកការឈឺចាប់មួយ ដែលតំណាងឲ្យ «ស្ត្រីសម្រាប់បម្រើឲ្យការសប្បាយ (ក្នុងសង្គ្រាមឈ្លានពានជប៉ុន)» នៅក្នុងតៃវ៉ាន់ បានបង្កឲ្យពលរដ្ឋក្នុងតំបន់ផ្ទុះកំហឹង និងបញ្ឆេះឲ្យមានការប្រឆាំងតវ៉ា កាលពីថ្ងៃច័ន្ទ ។
វីដេអូឃ្លីបត្រូវបានបញ្ចេញដោយក្រុមប្រឹក្សាក្រុងតៃវ៉ាន់ Hieh Lung-Chieh បានបង្ហាញឲ្យឃើញបុរសឈ្មោះ Sumiko Fujimura ដែលជាសមាជិកម្នាក់របស់ក្រុមស្តាំនិយមជប៉ុន បានលើកជើងធាក់ទៅលើរូបសំណាកស្ត្រីធ្វើពីសំរិទ្ធ ស្ថិតនៅខាងក្រៅការិយាល័យប្រឆាំងតៃវ៉ាន់ Kuomintang នៅក្នុង Tainan កាលពីថ្ងៃព្រហស្បតិ៍ ។
រូបសំណាកនោះ ដែលបង្ហាញនារីម្នាក់ឈរលើកដៃឡើងលើ ដើម្បី «បង្ហាញពីភាពមិនចុះចាញ់ទាំងអស់សង្ឃឹម ចំពោះការបង្ក្រាប» ត្រូវបានកសាងឡើងកាលពីខែមុន ដើម្បីបង្ហាញជានិមិ្មតសញ្ញាមួយដែលស្ត្រីបានបង្ខំចិត្តធ្វើការនៅក្នុងផ្ទះបនអំឡុងពេលសង្គ្រាម សម្រាប់កងទ័ពជប៉ុន ។
សកម្មជនជាច្រើនបានស្រែកទាមទារឲ្យជនរូបនេះ ចេញមុខសុំទោស ចំពោះទង្វើមិនសមរម្យនេះរបស់គេ និងសំណងជំងឺចិត្តសម្រាប់ជនរងគ្រោះទាំងអស់ ។
លោកស្រី Huang Shu-Chen អ្នករៀបចំការជួបជុំនេះ ត្រូវបានដកស្រង់សម្តីដោយនិយាយតាមរយៈកាសែត Taipei Times ថា៖ «ក្នុងនាមជាស្ត្រី និងជាសមាជិកប្រជាធិបតេយ្យ ហេតុអ្វីបានជាពួកយើងមិនមានសិទ្ធិ បង្កើតរូបសំណាកសម្រាប់ស្ត្រីៗដែលបម្រើឲ្យការសប្បាយក្នុងសម័យសង្គ្រាមនោះអីចឹង?» ។
ក្រុមអ្នកតវ៉ាក៏បានជំរុញឲ្យអាជ្ញាធរតៃវ៉ាន់ រារាំង Fujimura មិនឲ្យចាកចេញពីកោះនេះ រហូតទល់តែរូបគេចេញមុខសុំទោសជាសាធារណៈ ហើយទាមទារឲ្យគាត់ធ្វើបែបនេះ ដោយលុតជង្គង់នៅពីមុខរូបសំណាកស្ត្រីដែលគាត់បានទាត់ធាក់នេះទៀតផង ៕ ឧត្តម (nextshark)