សភាវៈចម្លែកនេះមានទម្ងន់៧គីឡូក្រាម វិជ្ឈមាត្រ៣០សង់ទីម៉ែត្រ ដែលសូម្បីតែក្រុមវេជ្ជបណ្ឌិតក៏តក់ស្លុតខ្លាំងណាស់ដែរ។
នារីត្រកូលចាង អាយុ៤៣ឆ្នាំ មានដើមកំណើតនៅខេត្ត Guizhou តែបច្ចុប្បន្ននាងមករស់នៅខេត្តZhejiang ។
១៧ឆ្នាំមុននេះ នាងចាងបានបង្កើតកូនម្នាក់ រួចក៏ទៅដាក់កងពន្យារកំណើត ។នៅពេលដាក់កងនោះ វេជ្ជបណ្ឌិតបានពិនិត្យឃើញដុំតូចមួយនៅផ្នែកខាងឆ្វេងនៃស្បូនរបស់នាង ហើយប្រាប់នាងឱ្យទៅត្រួតពិនិត្យមើល។ ប៉ុន្ដែដោយវាពុំបានធ្វើទុក្ខអ្វី នាងក៏ពុំរវីរវល់។
ស្រាប់តែ៣ឆ្នាំកន្លងមក ពោះរបស់នាងកាន់តែធំជាងមុន រហូតដល់មានទំហំប្រហែលអ្នកមានគភ៌៩ខែអ៊ីចឹង។វាបានធ្វើឱ្យនាងពិបាកធ្វើការងាររស់នៅប្រចាំថ្ងៃ។ ក្រោយមកក្រុមគ្រួសារនិងមិត្តភក្ដិបានបញ្ចុះបញ្ចូលនាងឱ្យទៅត្រួតពិនិត្យនៅមន្ទីរពេទ្យ។ គេបានរកឃើញដុំពកធំមូយនៅខាងស្ដាំស្បូនរបស់នាង។ ការវះកាត់ក៏បានចាប់ផ្ដើមធ្វើ ហើយក្រុមវេជ្ជបណ្ឌិតពិតជាបះសក់ច្រូង ព្រោះក្រោយពីកាត់យកដុំពកទម្ងន់ប្រមាណ៧គីឡូមានវិជ្ឈមាត្រ៣០សង់ទីម៉ែត្រចេញមក គេឃើញដុំពកគឺជាសាច់ ហើយខាងក្នុងគឺជាទឹកលាយឡំជាមួយធ្មេញនិងសក់។
រូបវេជ្ជបណ្ឌិតបានត្រឹមពន្យល់ថា ដុំពកនេះគឺជាកោសិកាពន្លកនៃអំប្រ៊ីយ៉ុង ហើយវាបានប្រែក្លាយទៅជាឆ្អឹង,ធ្មេញ សក់…។ល។
ក្រុមវេជ្ជបណ្ឌិតបានទូន្មានដល់នារីទាំងឡាយគប្បីទៅជួបវេជ្ជបណ្ឌិតប្រសិនបើឃើញបញ្ហាជាអាទិ៍៖ ការប្រែប្រួលពេលមករដូវ ឈឺតំបន់ស្បូនមិនបាត់ ទម្ងន់ធ្លាក់ចុះដោយគ្មានមូលហេតុ។ល។ដើម្បីចៀសវាងកើតមានករណីដូចពោលខាងលើ ព្រោះវាអាចនាំមកនូវហានិភ័យឆក់យកជីវិតអ្នកបាន៕
លីសា