ប្តីប្រពន្ធសញ្ជាតិអាមេរិក ២រូប បានបើកបររថយន្តរបស់ខ្លួនបំបុកជាមួយដើមឈើ ព្រោះតែរវល់នឹងល្បែង “រួមភេទ” ខណៈពេលរថយន្តកំពុងបើកបរទៅមុខប្រការដែលគួរឲ្យថ្កោលទោស ព្រោះពេលហេតុការណ៍កើតឡើងមានទារកអាយុ ៣ខែ នៅកៅអីខាងក្រោយ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ៦យប់ ថ្ងៃពុធ ២៣/១១ (ម៉ោងនៅតំបន់) កន្លងមក ខណៈពេលរថយន្តមួយគ្រឿងបានបើកបុកដើមឈើអមតាមដងផ្លូវ នាសង្កាត់ Pierce រដ្ឋវ៉ាស៊ីន អាមេរិក។ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុភ្លាមៗនោះ ពួកគេឃើញនៅក្នុងរថយន្តគឺបុរសនិងនារី ២នាក់ ស្រាតននលគក ហើយនៅកៅអីខាងក្រោយរថយន្តមានទារកវ័យ៣ខែម្នាក់ ។
អត្តសញ្ញាណរបស់មនុស្សប្រុសស្រី២នាក់នេះ ត្រូវបានដឹងភ្លាមថា ឈ្មោះ Michael Tonkin និង Daisy Laroque សុទ្ធសឹងមានអាយុ ២៣ឆ្នាំ រីឯទារកអាយុ៣ខែ ជាកូនរបស់ Laroque។ សំណាងល្អដែលទារកនេះពុំមានរងរបួសអ្វីឡើយ ក្នុងពេលដែលម្តាយរបស់វាបានត្រូវចូលមន្ទីរពេទ្យព្រោះបាក់ឆ្អឹង។
ប៉ូលិសឲ្យដឹងថា ពេលហេតុការណ៍នេះកើតឡើងបុរស និងនារីទាំង២រូបនេះ សុទ្ធសឹងស្រវឹងស្រា ហើយកំពុងប្រព្រឹត្តល្បែងស្នេហា ខណៈពេលភាគីបុរសជាអ្នកកាច់ចង្កូតឡាន រួចបើកបំបុកលើគល់ឈើ។ រថយន្តរងការខូចខាតយ៉ាងដំណំ។
ពេលនេះ Tonkin កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ហើយប្រឈមមុខពីបទចោទប្រកាន់ ៖ បើកបររថយន្តពេលស្រវឹងស្រា បើកបររថយន្តបង្ករបួសស្នាមដល់អ្នកដទៃ និងមានទង្វើបង្កគ្រោះថ្នាក់ដល់ក្មេង។ គេក៏បានដឹងថា មុននោះ Tonkin ធ្លាប់ត្រូវបានចាប់ខ្លួន៣លើក ពេលបើកបរក្នុងសភាពស្រវឹងស្រា។
រីឯភាគីនារី Laroque វិញ មកទល់ពេលនេះពុំទាន់ឃើញសមត្ថកិច្ចចោទប្រកាន់ទោសនៅឡើយទេ៕ ដោយ ៖ អាទិត្យ