សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកវេទិកាវិនិយោគទេសចរណ៍កម្ពុជា នៅខេត្តសៀមរាប ជាការលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងវិស័យទេសចរណ៍កម្ពុជា កាន់តែល្អ និងមានការទាក់ទាញ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១ ក្រោមប្រធានបទ ឱកាសការវិនិយោគទេសចរណ៍នៅកម្ពុជា ដែលបានប្រារព្ធឡើងនៅសណ្ឋាគារសុខាល័យអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោក ថោង ខុន បានមានប្រសាសន៍ថា វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១នេះ ជាវេទិកានៃការជួបជុំគ្នារវាងវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗ មកពីស្ថានប័នរដ្ឋ ដៃគូអភិវឌ្ឍ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍អនុវត្តល្អៗក្នុងវិស័យវិនិយោគ ដើម្បីចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗ ដូចជា .១. និន្នាការនៃវិស័យទេសចរណ៍ក្នុងតំបន់ ២. គោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាល ៣. ទស្សនៈ វិនិយោគិន និងវិស័យឯកជនលើការវិនិយោគទេសចរណ៍ និង ៤. វេទិកាពិភាក្សា និងផ្តល់អនុសាសន៍ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងវិស័យទេសចរណ៍កម្ពុជា កាន់តែល្អ និងមានការទាក់ទាញថែមទៀត ។
លោក ថោង ខុន មានប្រសាសន៍ទៀតថា វិស័យទេសចរណ៍ ជាវិស័យមួយដ៏មានសក្តានុពល សម្រាប់ការវិនិយោគ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ ដើម្បីគាំទ្រ និងជួយសម្រួលដល់ការវិនិយោគ របស់វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតបរិយាកាសវិនិយោគ ងាយស្រួលនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ធ្វើជាច្រកចេញចូលតែមួយ ក្នុងការងារវិនិយោគធំៗទាំងអស់ ហើយក្រសួងសាមីដើរតួនាទីគាំទ្រ លើផ្នែកបច្ចេកទេសតាមគម្រោងនីមួយៗ ហើយបន្ថែមលើយន្តការច្រកចេញចូលតែមួយ រាជរដ្ឋាភិបាល បានបង្កើតជាគោលនយោបាយមួយ ដោយប្រើយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញការវិនិយោគរវាងរដ្ឋ និងឯកជន ដូច្នេះតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ រដ្ឋអាចផ្តល់ ទ្រព្យសម្បត្តិរបស់រដ្ឋ ដូចជាកោះ បឹងធម្មជាតិ សមុទ្រ ឧទ្យានជាតិ ឬសម្បត្តិទាំងឡាយដែលគ្រប់គ្រងដោយរដ្ឋ ដល់ដៃគូវិនិយោគឯកជន ដើម្បីធ្វើការនិយោគ ហើយប្រាក់ចំណូល ដែលបានមកពីការ វិនិយោគ ត្រូវបានបែងចែក ជាមួយរដ្ឋ តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បន្ថែមទៀតថា នៅក្នុងយុទ្ធសាស្ត្រទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ចំនួន១៥លាននាក់ ក្នុងឆ្នាំ២០៣០ ព្រមជាមួយនឹងផែនការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅ ទេសចរណ៍ដែលមានស្រាប់ យើងក៏ត្រូវការឲ្យមានការវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត ដូចជា ទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ រមណីយដ្ឋាន តំបន់ទេសចរណ៍ផ្ទះទី២ និងទេសចរវ័យចំណាស់ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ទេសចរណ៍សត្វព្រៃ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ខណៈបច្ចុប្បន្ន យើងមានបន្ទប់សណ្ឋាគារ ប្រមាណ៤ម៉ឺន៥ពាន់បន្ទប់រួចហើយ ក្នុងនោះ បន្ទប់សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ មានតែ២ម៉ឺន៥ពាន់បន្ទប់ប៉ុណ្ណោះ រួមជាមួយនឹងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ និងអាកាសយានដ្ឋាន នៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាកត្តាមូលដ្ឋានចាំបាច់យ៉ាងសំខាន់ ដែលពុំអាចខ្វះបាន៕ ដោយ ៖ បញ្ញាស័ក្តិ