ខេត្តស្វាយរៀង ៖ ដោយទឹកព្រះទ័យនិងសទ្ធាជ្រះថ្លាក៏ដូចជាការដឹងគុណដល់ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨នេះ ព្រះចៅអធិការវត្តព្រៃឆ្លាក់រួមនិងលោកអាចារ្យគណកម្មការនិងពុទ្ធបរិសទ្ទចំណុះជើងវត្តជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័នប្រារព្ធពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ៨កើតខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨ នាវត្តព្រៃឆ្លាក់ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងខេត្តស្វាយរៀង។
តាមសង្ឃដីការបស់ព្រះតេជគណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់បានមានសង្ឃដីកាឱ្យដឹងថា ៖ ការប្រារព្ធពិធីបុណ្យបង្សុកូលនៅព្រឹកនេះគឺក្នុងបំណងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផងហើយជាពិសេសនោះគឺដើម្បីឧទ្ទិសកុសលជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៨នេះ សូមដួងវិញ្ញាណក្ខន្ធរបស់លោកបានទៅចាប់បដិសន្ធិនៅឋានសុគតិភព។ ប្រជាជនខ្មែរពិតជាសោកស្ដាយណាស់ដែលបាត់បង់រូបលោក និងអរគុណលោកណាស់ដែលលោកបានចំណាយពេលមួយជីវិតដើម្បីសង្គ្រោះកុមារកម្ពុជា។
សូមរំលឹកឡើងវិញផងដែរថា ៖ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ នៅទីក្រុងហ្សួរិចប្រទេសស្វីសលោកបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រនៅឆ្នាំ១៩៧៣ និងបានបំពេញការងារជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមារនៅមន្ទីរពេទ្យZurich Children’s Hospital ( មន្ទីរពេទ្យកុមារ) ។
ក្នុងកំឡុងឆ្នាំ១៩៧៤.១៩៧៥លោកត្រូវបានបញ្ជូនមកកាន់កម្ពុជាក្នុងបេសកម្មកាកបាទក្រហមស្វីសឱ្យបំរើការនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ។ លោកត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញនៅមុនការកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រមហម។ នៅខែធ្នូឆ្នាំ១៩៩១ លោកត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យគន្ធបុប្ផា ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ សំណើនេះត្រូវបានលោកទទួលយកហើយនៅឆ្នាំ១៩៩២ លោកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលមានមូលដ្ឋាននៅទីក្រុងហ្សួរិចប្រទេសស្វីសនិងចាប់ផ្តើមជួសជុលដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ។
គិតត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ជាង៥០០លានដុល្លារដើម្បីព្យាបាលកុមារចំនួន១៦លាននាក់ដោយព្យាបាលអ្នកជំងឺពុំគិតកម្រៃដោយមានចំនួន៥សាខានៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner ដោយជាមធ្យមក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាចំនួន១២ម៉ឺនដុល្លារ។ មួយផ្នែកដើម្បីទ្រទ្រង់មន្ទីរពេទ្យលោកវេជ្ជបណ្ឌិតBeat Richner បានសម្តែងសិល្បៈដោយលេងសេឡូដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
ក្រៅពីនេះថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផារដ្ឋាភិបាលស្វីសបានផ្តល់ជំនួយ៤លានដុល្លាររៀងរាល់ឆ្នាំនិងរដ្ឋាភិបាលកម្ពុជាជិត១០លានដុល្លារក្នុងមួយឆ្នាំក្នុងនោះនៅឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាវិភាកទានជាសាច់ប្រាក់ចំនួន២លានដុល្លារ ហើយនៅឆ្នាំ២០១៦រដ្ឋាភិបាលបានបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុល្លារ គិតត្រឹមឆ្នាំ២០១៦មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជាង៥០០លានដុល្លារដើម្បីព្យាបាលកុមារ ។
ក្នុងរយៈពេល២៤ឆ្នាំនេះមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារបានចំនួន១៦លាននាក់ក្នុងនោះ១.៦លាននាក់ ស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងមួយខែៗមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញនិងនៅសៀមរាប បានជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកុមារជាង៨ម៉ឺននាក់ ៕ វ៉ៃកូ