ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការងារជួសជុលចាក់បេតុងឆ្អឹងដែកនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច ចាប់ពីមុខសណ្ឋាគារណាសាតុ ដល់មុខវត្តព្រែកលៀប ស្ថិតក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
ដើម្បីធ្វើឲ្យដំណើការងារជួសជុល បានប្រព្រឹត្តទៅតាមប្រតិទិនការងារ ដែលបានគ្រោងទុក និងចៀសវាងការកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរឆ្លងកាត់កំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ខែកញ្ញានេះ រហូតដល់បញ្ចប់ការដ្ឋាន។
រដ្ឋបាលរាជធានី ក៏បានស្នើសូមប្រជាពលរដ្ឋទាំងអស់ យោគយល់និងអធ្យាស្រ័យ ព្រមទាំងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងគម្រោងជួសជុលនេះ ហើយសូមធ្វើដំណើរវាងតាមផ្លូវក្នុងតំបន់អភិវឌ្ឍន៍OCIC វិញ ក្នុងអំឡុងពេលការដ្ឋានកំពុងជួសជុល ដោយអនុគ្រោះ។ នៅពេលបញ្ចប់ការងារជួសជុលការចាក់បេតុងឆ្អឹងដែកនេះរួចរាល់ហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការជាធម្មតាវិញ៕ ដោយ ៖ កូឡាប