ខេត្តស្វាយរៀង ៖ បុរសជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ពីបទបានយកទឹកក្ដៅទៅស្រោចលើម្រាមដៃជនជាតិចិនដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ឡើងរលេះរលួយ។
តាមការឱ្យដឹងពីសំណាក់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យក្រុមអ្នកសារព័ត៍មានដឹងថាៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង២៖៣០នាទីរសៀល អធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ្វួ ធីងនុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀងមានទីលំនៅខេត្តស៊ីឈន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខE95464297 ថា កាលពីម៉ោងជាង៧យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងក្នុងបន្ទប់បរិវេណកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្ស៧នាក់ បានយកទឹកក្តៅមកស្រោចនៅលើដៃទាំងពីររបស់គេ បណ្ដាលឲ្យរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូពារ៍ ក្រុងបាវិត។
ប្រភពដដែលបានឱ្យដឹងទៀតថាៈក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតដល់ម៉ោង៥ល្ងាចថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានរកឃើញជនសង្ស័យម្នាក់ ឈ្មោះ ចាង ហោធាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅខណ្ឌយុងចូវ ខេត្តហូណាម ប្រទេសចិន មុខរបរ បុគ្គលិកក្រុមហ៊ុនភីងអានលិខិតឆ្លងដែន(យកទៅពន្យាទិដ្ឋការ) យកមកសាកសួរនៅអធិការដ្ឋាន។
ចំណែកជនសង្ស័យ៦នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់មកផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ វ៉ៃកូ