ភ្នំពេញ៖ ក្រុមតំណាងរាស្ត្រថ្មីទាំង៤៤រូប ដែលមកពីគណបក្សនយោបាយ ចំនួន៣ ចូលស្បថ នៅព្រះបរមរាជវាំង នៅម៉ោងជាង៣រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ មុនពេលចូលខ្លួនបំពេញការងារជាផ្លូវការនៅរដ្ឋសភា ។ តំណាងរាស្ត្រថ្មីទាំង៤៤រូបនោះ រួមមាន ៤១រូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ២រូប មកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបទៀតមកពីគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកតំណាងរាស្ត្រថ្មី ៤៣រូបផ្សេងទៀត យាង និងអញ្ជើញសច្ចាប្រណិធាននៅព្រះបរមរាជវាំង មុនចូលបម្រើរងារជូនជាតិ និងប្រជាពលរដ្ឋ។ខ្លឹមសារ នៃការធ្វើសច្ចាប្រណិធានរបស់ ក្រុមតំណាងរាស្ត្រថ្មីទាំង៤៤រូប ៖ “ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រដូចតទៅ។ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គមយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវៈ។
ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ឆ្នាំ១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាត ឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ ទូលបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង។ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូ ប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីរក្សាភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលបង្គំយើងខ្ញុំគ្រប់រូប”។
គណបក្សហ្វ៊ុនស៊ិនប៉ិច ៤១រូប៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
២. លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៤. លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៧. លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៨. លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៩. លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០. លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១. លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២. លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣. លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤. លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥. លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦. លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨. លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០. លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១. លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២. លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣. លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤. លោក
អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥. លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩. លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០. លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១. លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២. លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣. លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤. លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥. លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩. លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០. លោក អ៊ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១. លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។
គណបក្សសញ្ជាតិកម្ពុជា ២រូប៖
១. លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
២. លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប៖ លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល៕ ដោយ៖បញ្ញាស័ក្តិ