ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនទទួលសិទ្ធិប្រមូលសំរាមផ្តាច់មុខ ប្រចាំក្រុងព្រះសីហនុ បានចោទម្ចាស់ហាង ដែលមានថៅកែជាជនបរទេសមួយកន្លែង ថាបានគេចវេសមិនព្រមបង់ថ្លៃសេវាប្រមូលសំរាមអស់រយៈពេលចំនួន៩ខែកន្លងមកហើយ។
បុគ្គលិកតំណាងក្រុមហ៊ុនសំរាមឈ្មោះ ខេ.អែស.ដាប់បិលយូ.អ៊ឹម (KSWM) បានឲ្យដឹងថា ដោយសារតែម្ចាស់ហាងខាងលើ មិនព្រមបង់ថ្លៃសេវាប្រមូលសំរាម ប្រចាំខែចំនួន ៩ខែមកនេះ ទើបនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារចម្រុះ រួមមាន៖ សមាសភាពមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ មន្ត្រីមន្ទីរបរិស្ថាន និងតំណាងក្រុមហ៊ុនសំរាម បានចុះផ្ទាល់ដល់ហាង Jasmine មានទីតាំងនៅជាប់ផែទូកទេសចរណ៍ឆ្នេរអូរឈើទាល តាមបណ្តោយផ្លូវ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង~ខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុនសំរាម បន្តថា គោលបំណង ចុះជួបម្ចាស់ហាងខាងលើ ដើម្បីសម្របសម្រួលឲ្យម្ចាស់ទីតាំង ឬម្ចាស់ហាងខាងលើបង់ថ្លៃសេវាប្រមូលសំរាម ដែលម្ចាស់ទីតាំងនេះ មិនបានបង់អស់រយៈពេល៩ខែកន្លងមកហើយ គិតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ផ្តើមពីបញ្ហានេះ តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM បានបញ្ជាក់ថា មូលហេតុ ដែលម្ចាស់ទីតាំងខាងលើ មិនព្រមបង់ថ្លៃសេវាប្រមូលសំរាម ដោយសារតែការចរចារ រវាងក្រុមហ៊ុនជាមួយម្ចាស់ហាងJasmine ដែលមានថៅកែជាជនជាតិទួគីខាងលើ មិនឯកភាពគ្នា លើតម្លៃសេវាប្រចាំខែ នៃការប្រមូលសំរាម ដែលក្រុមហ៊ុនប្រមូលសំរាមទាមទារ ឬតម្រូវឲ្យបង់នោះ..។
យ៉ាងនេះក្តី អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់មានប្រភពទាក់ទងម្ចាស់ហាង Jasmine ដើម្បីស្នើសុំការបំភ្លឺជុំវិញបញ្ហាមិនបង់ថ្លៃសេវាប្រមូលសំរាមខាងលើ បានទេ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៨នេះ៕ ដោយ៖ ដែន សីមា