ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអក្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈ គឺការបោះឆ្នោតជ្រើសតាំងបន្ថែម សមាជិកគណៈកម្មការនានា នៃរដ្ឋសភា។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១)អង្គប្រជុំបានអនុម័តសំណើរសុំជ្រើសតាំងបំពេញបន្ថែម សមាសភាពក្នុងគណៈកម្មការនានា របស់រដ្ឋសភា នីតិកាលទី៦។ ២) អង្គប្រជុំបានអនុម័តបញ្ចុលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នូវការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈកម្មការនានា នៃរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ។
ការរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានា របស់រដ្ឋសភានេះ ក៏ធ្វើឡើង បន្ទាប់ពីរដ្ឋសភា ប្រកាសសុពលភាព តំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលឡើងមកជំនួសតំណាងរាស្ត្រ ដែលបានទៅកាន់តំណែង ក្នុងជួររដ្ឋាភិបាល៕ ដោយ ៖ កូឡាប
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨៖