លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាបាក់រលំអគារនៅតំបន់ផាប់ស្ទ្រីតក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ដែលបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់និង មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសនោះ អ្នកដែលធ្វើ គឺជាអ្នកទទួលខុសត្រូវ នោះគឺម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការធ្វេសប្រហែសរបស់ពួកគេ ជាងនេះទៅទៀតនោះ គឺម្ចាស់សំណង់ត្រូវប្រឈមខ្លាំងជាងគេ ព្រោះត្រូវរងបណ្ដឹងពីជនរងគ្រោះ ហើយក្នុងនោះខេត្តក៏ជាដើមបណ្ដឹងផងដែរ ដោយសារលួចជួសជុលសំណង់មិនសុំច្បាប់ ។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
លោក លី សំរិទ្ធ មានប្រសាសន៍ទៀតថា ដើម្បីបង្ការនឹងហេតុការណ៍នេះ លើកក្រោយទៀត រដ្ឋបាលខេត្ត បានចេញសេចក្តីណែនាំ និងពេលខ្លះមានជាបញ្ញត្តិ ដើម្បីហាមប្រាណម្ចាស់សំណង់ចាស់ៗ នៅផាប់ស្ទ្រីត មិនឱ្យប្រើប្រាស់ ឬជួសជុលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ជាដើម ហើយយើងនឹងពិនិត្យមើលថា តើអគារណាអាចប្រើបាន អគារណាត្រូវផ្អាក ដើម្បីជួសជុល ព្រោះថា បើវាប៉ះពាល់ មិនត្រឹមតែអាយុជីវិតមនុស្សទេ តែប៉ះពាល់ដល់ភ្ញៀវទេសចរផងដែរ តើអ្នកណាគេនឹងមកលេងកន្លែង ដែលបាក់សង្កត់មនុស្សនោះ ។
លោក លី សំរិទ្ធ មានប្រសាសន៍បន្ថែមទៀតថា ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសមួយ កាលពីថ្ងៃទី១៧ ខែកញ្ញានេះ ដែលមានការចូលរួមពីក្រសួងរៀបចំដែនដីផងនោះ រដ្ឋបាលខេត្តបានប្រាប់ ពីបំណងចង់បង្កើតគណៈកម្មការ ត្រួតពិនិត្យសំណង់អគារ នៅផាប់ស្ទ្រីតនេះ ពិតប្រាកដមែន ប៉ុន្តែវាគ្រាន់តែជាការស្នើសុំទៅក្រសួង តាមរយៈលោក ឡៅ រិទ្ធ សីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំកិច្ចប្រជុំនៅថ្ងៃនោះ ហើយលោកក៏មិនទាន់ដឹងថា ថ្នាក់ដឹកនាំក្រសួងសម្រេចយ៉ាងណានៅឡើយ។
គួររំលឹកថា មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំដោះស្រាយ បញ្ហាដួលរលំហាងស៊ុបនាគ នៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោក ឡៅ រិទ្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សំណង់ភាគច្រើននៅក្នុងតំបន់ផ្សារចាស់ ក្រុងសៀមរាប ជាសំណង់មានវ័យចំណាស់ បានសាងសង់ឡើង នៅក្នុងសម័យអាណានិគមបារាំង ដែលសំណង់បែបនេះ ត្រូវបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌជាតិ ហើយការជួសជុលសំណង់បែបនេះ គឺចាំបាច់ត្រូវតែមានការពិនិត្យច្បាស់លាស់ ពីមន្ត្រីជំនាញផ្នែកសំណង់ និងជាងជួសជុលក៏ត្រូវមានជំនាញច្បាស់លាស់ដែរ ប៉ុន្តែសម្រាប់ការជួសជុលហាងស៊ុប នាគ នេះ គឺម្ចាស់ហាងលួចធ្វើ ដោយមិនមានការសុំអនុញ្ញាត ពីជំនាញណាទាំងអស់ ដូច្នេះម្ចាស់ ហាងត្រូវតែទទួលខុសត្រូវ ចំពោះហេតុការណ៍នេះ។
លោក ទិត ខេមរា ប្រធាននាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី បានឲ្យដឹងថា តាមការត្រួតពិនិត្យ ស្លាកស្នាមនៃការដួលរលំនេះ សំណង់អគារហាងស៊ុបនាគនេះ អាចធ្លាប់បានគេជួសជុលចំនួន៣ឬ៤ដង រួចមកហើយ ព្រោះឃើញមានការចាក់បេតុង ចាក់ប្លង់សេ ជាន់ទី១ ជាន់ទី២ និងការរុះរើដំបូលចាស់ជាដើម ៕ ដោយ ៖ បញ្ញាស័ក្តិ