ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់សមភាគីវៀតណាមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅតែបន្ដកិច្ចសហប្រតិបត្តិការ ជាមួយភាគីវៀតណាម យ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ដែលធ្វើឡើងនៅតាមឆន្ទៈ របស់ថ្នាក់ដឹកនាំប្រទេសទាំង២ ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែន ការកសាងខ្សែបន្ទាត់ព្រំដែននៃ ប្រទេសពីរឲ្យបានល្អប្រសើរបន្ថែមទៀត។
នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូបញ្ជាការដ្ឋាន កងទ័ពវៀតណាម ការពារព្រំដែន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការកងទ័ព ការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារមួយចំនួនទាក់ទង នឹងបញ្ហាព្រំដែននៃប្រទេសទាំងពីរ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន បានបញ្ជាក់ថា ភាគីវៀតណាមនៅតែបន្ដប្ដេជ្ញាចិត្ត នៅតែបន្ដកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងល្អប្រសើររវាងកងទ័ព និងនគរបាលការពារព្រំដែន ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្របសម្រូលដល់ការឆ្លងកាត់ធ្វើពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រជាជនទាំង២។ លោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន បានលើកឡើងថា ប្រទេសកម្ពុជានិងប្រទេសវៀតណាម គឺជាប្រទេស ភូមិផងរបងតែមួយ ហើយក៏ជាមិត្តជិតស្និទ្ធនឹងគ្នា ដ៏ល្អជាយូរណាស់មកហើយដែរ ដូច្នេះក្នុងដំណើរ ទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំ អគ្គស្នងការដ្ឋាននគរបាល នៃប្រទេសទាំងពីរ ស្តីអំពី បញ្ហាព្រំដែន។
លោក ឧត្តមសេនីយ៍ទោ ហ័ង សួនចៀន បានបន្តទៀតថា នៅឆ្នាំ២០១៧នេះ គឺជាខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតនៃ ប្រទេសកម្ពុជានិងវៀតណាម ហើយទំនាក់ទំនង នៃប្រទេសទាំងពីរ នៅតែបន្តកើតមានគ្រប់ពេលវេលាទាំងអស់ និងខិតខំធ្វើយ៉ាងណាកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឲ្យបានល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើ ដំណើនិងការរកស៊ីរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រើសើរបន្ថែមទៀត។
ក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តសហការជាមួយ វៀតណាមជានិច្ចក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខនៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយកម្ពុជាក៏សូមថ្លែងអំណរអរគុណដល់ភាគីវៀតណាមដែលបានជួយដល់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានាពេលកន្លងទៅនិងបច្ចុប្បន្នផងដែរ។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានជូនពរដល់ភាគីទាំងពីរក្នុងកិច្ចប្រជុំទាក់ទងនឹងបញ្ហាព្រំដែនឲ្យទទួលបានជោគជ័យនិងប្រកបដោយផ្លែផ្កាល្អក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃ ប្រទេសពីរឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការអបអរសាទរចំពោះការងារកន្លងមក ដែលអាជ្ញាធរវៀតណាមបានជួបពិភាក្សាការងារ ជាមួយភាគីកម្ពុជា ហើយសម្ដេចសង្ឃឹមថា ភាគីវៀតណាម នឹងបន្ដពិភាក្សាគ្នានៅលើបញ្ហាផ្សេងប្រកបដោយលទ្ធផល៕ ដោយ៖បញ្ញាស័ក្តិ