ភ្នំពេញ ៖ បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញ, សមត្ថកិច្ចគ្រប់ជំនាញនិងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន ដោយបានដាក់ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់។
លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងញៀន បានថ្លែងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងញៀន នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កញ្ញា២០១៨នេះ។
លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អោយកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខអោយបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានការណែនាំមិនអោយមានការនាំចូលនូវរុក្ខជាតិញៀនចូលមកក្នុងរាជធានីក៏ដូចជាចូលមកប្រទេសកម្ពុជាផងដែរ ជាពិសេសអាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍ ខណ្ឌ គឺជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ក្នុងការលុបបំបាត់គ្រឿងញៀន។
លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ ក៏បានស្នើអោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថា គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិឋានជាយក្រុង និងទីជនបទឆ្ងាយៗទៅហើយ។ ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកម្សាន្តនិងទីកន្លែងសប្បាយភាព ដោយយើងបានកំណាត់ទីតាំងចំនួន១០កន្លែងរួចហើយ ដើម្បីធ្វើការងារនេះ ។ យើងបានដាក់ទៅអោយអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានីដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត។
លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយ យើងក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់និងខុនដូរ។ ការពិនិត្យមើលទឹកនោម ចំពោះអ្នកប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹបកម្សាន្ត ។ ការងារនេះរាជធានីភ្នំពេញត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះ ជាអ្នកទទួលខុសត្រូវ។ បើទីតាំងណាធ្វើខុសពីការណែនាំយើងមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនរគបាលជាតិ បានមានប្រសាសន៍ថា ពីការជម្រុញអោយសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការចុះពិនិត្យ ក្នុងក្លឹបនិងកន្លែងសប្បាយនានា ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ ។ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះ អោយបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់។ លោកបន្តថា ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាបជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញអោយឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋរហូតដល់ព្រះសង្ឃ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជាអធិបតី ក្នុងឱកាសនោះ ក៏បានជម្រុញអោយសង្កាត់ ខណ្ឌទាំង១២ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ អោយបានល្អ។ លោកបន្តថា ប្រទេសកម្ពុជារីកចម្រើន គឺពឺងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើយ៉ាងម៉េចអោយ ប្រទេសកម្ពុជារីកចម្រើ ជឿនលឿនទៅបាននោះ ។
លោកបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញនិងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ អោយតែយើងតាំងចិត្តធ្វើ ។ បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀន បើយើងបង្ក្រាបគ្រឿងញៀនបាន ។ បញ្ហាបទល្មើសផ្សេងៗទៀត ក៏ត្រូវបានកាត់បន្ថយធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព៕ ដោយ ៖ កូឡាប