ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឲ្យអង្គការ FAO សហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ នៃក្រសួង ព្យាយាមឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញ ប្រកបដោយចីរភាព ខណៈដែលអង្គការ FAO បាននិងកំពុងគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យកសិកម្ម។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោកបណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារនិងកសិកម្ម FAO ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ដែលពាក់ព័ន្ធនឹងប្រទេសចំនួនបីគឺ ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងប្រទេសមីយ៉ាន់ម៉ាលើវិស័យកៅស៊ូ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត Bosc បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ចំពោះជំនួបនាថ្ងៃនេះ លោកបណ្ឌិតបានបញ្ជាក់ ជូនលោករដ្ឋមន្ត្រីជ្រាបថា ដោយសង្កេតឃើញកសិករកៅស៊ូគ្រួសារ មានបញ្ហាប្រឈមជាខ្លាំង គួរឲ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិ កំពុងធ្លាក់ថ្លៃ ការប្រែប្រួលអាកាសធាតុ និងទិន្នផលក៏បានថយចុះ អង្គការ FAO រួមជាមួយអង្គការ CIRAD បានឯកភាពរៀបចំបង្កើតគម្រោង ថ្នាក់តំបន់ត្រីភាគី រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលគម្រោងនេះ ផ្តោតជាសំខាន់ទៅលើប្រព័ន្ធសង្កេតការ សិក្សាស្រាវជ្រាវ និងពិភាគជាលំអិត នៃលទ្ធផលដែលទទួលបាន នៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តដាំដុះ ការប្រមូលផលជ័រកៅស៊ូ និងធ្វើការកែសម្រួល។
នាឱកាសនេះលោកមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការ FAO ដែលបាននិងកំពុង គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះគម្រោងដែលបានលើកឡើង។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្កើនសមត្ថភាពមន្ត្រីជំនាញ និងកសិករដាំកៅស៊ូ ការកាត់បន្ថយថ្លៃដើម និងពលកម្ម ការបង្កើនទិន្នផល ការធ្វើឲ្យប្រសើងឡើង នៃគុណភាពជ័រកៅស៊ូ ការធានាបាននូវនិរន្តរភាព នៃដើមកៅស៊ូ និងជាពិសេសការបង្កើនប្រាក់ចំណូលគ្រួសារ គឺជាគន្លឹះដ៏សំខាន់ និងគោលដៅរបស់ក្រសួង។ ទន្ទឹមនឹងនេះ ដើម្បីអនុវត្តគម្រោងនេះ ទទួលបានភាពជោគជ័យ លោករដ្ឋមន្ត្រី បានស្នើឲ្យអង្គការ FAO សហការជិតស្និទ្ធ ជាមួយមន្ត្រីជំនាញនៃក្រសួង ព្យាយាមឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញ ប្រកបដោយចីរភាព៕ ដោយ ៖ បញ្ញាស័ក្តិ