ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះបានមានប្រសាសន៍ថា ៖ អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធមួយចំនួន តម្រូវឲ្យក្រុមប្រឹក្សាប្រភេទនីមួយៗ ត្រូវមានកម្មវិធីវិយោគបីឆ្នាំរំកិល ហើយត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ សម្រាប់វិភាគស្ថានភាព ដោយផ្ដោតទៅលើការកំណត់បញ្ហា និងតម្រូវការជាអាទិភាព ដូចដែលក្រុមការងារបានរៀបចំចងក្រង និងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលនេះ ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះខណៈដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ ខេត្តស្វាយរៀងនៅសាលប្រជុំនន្ទី “អគារ ក” សាលាខេត្ត ។
តាមប្រភពព័ត៍មានពីមន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថាៈនៅក្នុងកិច្ចប្រជុំនេះក៏ មានការអញ្ជើញចូលរួមពីលោកស្រីនាយករដ្ឋបាលសាលាខេត្ត-ស្ដីទី លោកប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក និងលោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។
ប្រភពដដែលបានឱ្យដឹងទៀតថាៈ លោក រស់ ផារិទ្ធ ក៏ បានលើកឡើងអំពីគោលបំណងនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់់ខេត្តនេះឡើង គឺដើម្បីធ្វើអាទិភាវូបនីយកម្ម លើគម្រោងអាទិភាពទាំងឡាយ ក្នុងក្របខ័ណ្ឌ នៃផែនការអភិវឌ្ឍន៍ខេត្ត ឲ្យស្ថិតក្នុងកម្រិតមួយ ងាយស្រួលក្នុងការចាត់ចែង អនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងខេត្ត ។
លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរដែលពុំទាន់បានរៀបចំចាត់អទិភាពគម្រោងអនុវត្តរបស់ខ្លួន ត្រូវរៀបចំឲ្យបានឆាប់ និងផ្ញើជូនមកក្រុមការងារដើម្បីចងក្រង ព្រមទាំងត្រូវបន្តចូលរួមសហការក្នុងការអនុវត្តការងារនៅជំហានបន្ទាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណារៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឲ្យបានទាន់ពេលវេលាតាមប្រតិទិនដែលបានកំណត់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ ដោយ ៖ វ៉ៃកូ