រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡានិស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដើម្បីជំរុញការថែរក្សាសុខភាព ក្នុងចំណោមយុវជន និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា កាន់តែប្រសើរឡើង។
ព្រឹត្តិការណ៍ប្រកួតកីឡានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានពហុកីឡដ្ឋានជាតិ។
ការប្រកួតនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨កញ្ញា ដែលមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២គ្រឹះស្ថាន បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួត ដែលក្នុងនោះមានគ្រឹះស្ថានចំនួន៨មក ពីបណ្ដាខេត្តនានា ។
កីឡាចំនួន៦ប្រភេទ ត្រូវបានដាក់ឲ្យប្រកួត ដែលក្នុងនោះមានប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់និង កីឡាវាយកូនឃ្លីលើតុ ។ បាល់ទាត់បុរសចំនួន១៣ក្រុម បាល់ទះបុរស៤ក្រុម បាល់បោះបុរស៥ក្រុម និងនារី៤ក្រុម អត្តពលកម្មមាន១៥ គ្រឹះស្ថាន ក្នុងនោះកីឡាករ៧០នាក់ កីឡាការិនី៣៥នាក់។ ប៉េតង់ដែលមានតែបុរសនោះ មកពី៦គ្រឹះស្ថាន ដែលមានកីឡាករចំនួន២៤រូប និង វាយកូនឃ្លីលើតុ មកពី៨គ្រឹះស្ថាន ដែលមានកីឡាករ២៤រូប ។ សរុបកីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតឆ្នាំនេះ មាន៦៨១នាក់ ក្នុងនោះ៩៤នាក់ ជាកីឡាការិនី ។
លោកស សុខា បានធ្វើការកត់សម្គាល់ថា រយៈពេល ៥ ឆ្នាំចុងក្រោយនេះ កីឡានៅប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ កម្ពុជាមិនត្រឹមតែដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប៉ុណ្ណោះទេ តែបានកម្រិតទ្វីបអាស៊ី និង ពិភពលោកទៀតផង ។
ជាមួយនឹងការប្រកាសបើកការប្រកួតប្រចាំឆ្នាំនោះ លោករដ្ឋលេខាធិការ បានសំណូមពរឲ្យអត្តពលិកទាំងអស់ មានការអធ្យាស្រ័យ ចំពោះអាជ្ញាកណ្ដាល ចៅក្រម រាល់កំហុស ដោយអចេតនា ដែលបានកើតឡើង ។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ទោះបីចាញ់ឬឈ្នះ ក្នុងការប្រកួតមិនត្រូវបោះបង់ និងឈប់លេងកីឡាឡើយ គឺត្រូវចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាកីឡាកររបស់កម្ពុជា ពីព្រោះការលេងកីឡាមានសារប្រយោជន៍ សម្រាប់មនុស្សគ្រប់វ័យ ក្នុងការទទួលបាននូវសុខភាពល្អ ទាំងផ្លូវកាយផ្លូវចិត្ត និងជួយឲ្យជៀសផុត ពីភាពអសកម្មផ្សេងៗក្នុងសង្គម៕ ដោយ ៖ កូឡាប