ខេត្តកំពង់ឆ្នាំង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា នៅក្នុងខេត្តកំពង់ឆ្នាំង មានស្រុកចំនួន៦ ឃុំសង្កាត់ចំនួន១៦ និងភូមិចំនួន២៩ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងនោះមាន ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន៣៩០គ្រួសារ ស្មើនឹង១៦៨៥នាក់ ។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយរបស់មនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកទន្លេ ឡើងលិចផ្ទះផងដែរ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិតិ្តយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានមានមតិសំណេះសំណាល និងនាំការផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានគិតគូរពីទុក្ខលំបាក ខ្វះខាតជីវភាពរស់នៅមិនប្រកាន់ពូជសាសន៍ បក្សនយោបាយឡើយ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោកហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកប្រាក់ សោភ័ណ្ឌនាយកប្រតិបត្តិសាខា និង លោកឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះទៅកាន់ទីទួលសុវត្ថិភាព ក្នុងឃុំត្រពាំចាន់ ដើម្បីពិនិត្យមើលពីស្ថានភាពរស់នៅ និងរៀបចំទីកន្លែងឲ្យបានសមរម្យ សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀស មកកាន់កន្លែងសុវត្ថិភាព ដោយសារទឹកទន្លេឡើង លិចលំនៅស្ថានរបស់ពួកគាត់។
ដោយឡែកនៅប្រជាពលរដ្ឋចំនួន២៣១គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋចំនួន២៦៩គ្រួសារផ្សេងទៀតបានចាកចេញទៅរស់នៅតាមផ្ទះបងប្អូន ។ លោកហ៊ី ណាត បានបន្តថា នៅក្នុងផលប៉ះពាល់នៃទឹកជំនន់ខាងលើនេះ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានឆ្លើយតបផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋបានចំនួន២៤៨គ្រួសារ ស្មើនឹងចំនួនមនុស្ស១.១០១នាក់ និងចំពោះប្រជាពលរដ្ឋចំនួន២៦២គ្រួសារទៀត គឺស្មើនឹងមនុស្សចំនួន៥៨៤នាក់ទៀត សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងកំពុងស្វែងរកស្បៀងអាហារ ដើម្បីធ្វើការចែកជូន និងសង្គ្រោះដល់ពួកគាត់នៅក្នុងពេលខាងមុខដ៏ខ្លីនេះ ។
លោកអភិបាលខេត្តកំពង់ឆ្នាំ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ដែលរស់នៅតាមដងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានស្ថានភាពទឹកជំនន់ ឲ្យបានជាប់ជាប្រចាំ នឹងធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ឱ្យបានទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះបាត់បង់ជីវិត និងដាច់បាយ៕ ដោយ ៖ បញ្ញាស័ក្តិ