ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងចម្រុះ របស់រដ្ឋបាលខេត្តបាន ចុះទប់ស្កាត់រថយន្តធុនធំ និងធុនធ្ងន់ មិនឲ្យចូលក្រុងព្រះសីហនុ ខុសពេលវេលា ដែលរដ្ឋបាលខេត្តព្រះសីហនុបានកំណត់ទៀតទេ។
សកម្មភាពនេះ បានធ្វើឡើងជាថ្មីទៀត នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីក្រុមការងារថ្នាក់ខេត្ត ព្រះសីហនុ បានចុះហាមឃាត់រថយន្តធុនធំ និងធុនធ្ងន់ ចូលក្នុងក្រុងព្រះសីហនុពេលថ្ងៃ ឬចូលក្រុងខុសពេលវេលា ដែលរដ្ឋបាលខេត្តព្រះសីហនុបានកំណត់។
សកម្មភាពនេះ ក្រុមការងារ បានចុះអនុវត្តនៅត្រង់ចំណុច កែងរ៉ា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា