រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” លើកទី១ អមជាមួយការផ្សព្វផ្សាយដាក់ឱ្យអនុវត្តកូនសៀវភៅ (GREEN PASSPORT) ដើម្បីចូលរួមវាយតម្លៃអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត។ ពិធីនេះ ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ឲ្យដឹងថា ចលនាប្រឡងប្រណាំងនេះ ផ្អែកលើការអនុវត្តក្រម “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ គ្មានសម្រាមក្រោមតុ ។
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មានបង្គន់អនាម័យស្អាត ។
មន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” គឺត្រូវ៖
១).អនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ ដោយត្រូវរៀបចំឱ្យមានកន្ត្រក ឬធុងសម្រាមដោយឡែកសម្រាប់តុអាហារនីមួយៗ (មានថង់ទ្រនាប់ និងត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ) ត្រូវបិតសារឬពាក្យស្លោករំលឹកអំពីបញ្ហាអនាម័យដល់ភ្ញៀវក្នុងបរិវេណទីតាំងអាជីវកម្ម ឬនៅលើតុអាហារតែម្ដង ត្រូវចាត់ឱ្យមានភ្នាក់ងារសម្រាប់ការប្រមូលសម្រាមដែលភ្ញៀវចោលក្រៅកន្ត្រក ឬធុង និងត្រូវលើកទឹកចិត្តដល់ភ្ញៀវទេសចរ ក្នុងការផ្ដល់ជូនជាកន្សែងសម្រាប់ជូត ឬកន្សែងត្រជាក់ ជំនួសឱ្យការផ្ដល់ជូននូវក្រដាសអនាម័យ។
២).បង្គន់អនាម័យស្អាត ដោយត្រូវរៀបចំតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដោយយ៉ាងហោចណាស់ពុំក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី មានដាក់សាប៊ូទឹកសម្រាប់លាងដៃ និងត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។
សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាម នៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕ ដោយ ៖ ដែន សីមា