ខេត្តស្វាយរៀង៖ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃអង្គារ ៨រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៨ បណ្តាលឲ្យខូចខាតផ្ទះមួយផ្នែក(របើកដំបូល)ព្រមទាំងនាំយកមុងសុវត្ថភាពចែកជូនដល់ចាស់ចរា ជនពិការ គ្រួសារមានជីវភាពខ្វះខាតចំនួន ២១ គ្រួសារ ស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ឆ្លើយតបទៅនឹងស្ថានភាពនេះលោក សរ វណ្ណា នាយកសាខា បានពាំនាំនូវបណ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ព្រមទាំងបានសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកប របររកស៊ីចិញ្ចឹមជីវិតមានជីវភាពធូធារ នឹងផ្ទះសម្បែងស់នៅបានសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញ ខូចខាត បែកបាក់ផ្ទះសម្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះមាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) មុងសុវត្ថភាព ១ ថវិកា ១០០,០០០ រៀល ។ ចាស់ជារា ជនពិការ គ្រួសារមានជីរភាពខ្វះខាត ២០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបានមុងសុវត្ថភាព ១ ផងដែរ ៕ ដោយ ៖ វ៉ៃកូ