យើងទាំងអស់គ្នាសុទ្ធតែចង់មានរូបរាងស្តើង ស្អាត និងមានសុខភាពល្អ ។ នោះគឺជាមូលហេតុដែលយើងតែងស្វែងរករបបអាហារណាឲ្យសមស្របបំផុតសម្រាប់ខ្លួន ។ មនុស្សមួយចំនួនបានប្រកាន់យករបបអាហារតមយ៉ាងតឹងរ៉ឹង ដើម្បីឆាប់ទទួលបានប្រសិទ្ធភាពបញ្ចុះទម្ងន់ តែបែរជាមិនល្អសម្រាប់សុខភាពទូទៅ ។
របបអាហារដ៏សាមញ្ញមួយដែលផ្តល់ប្រយោជន៍សម្រាប់សុខភាពផង និងជួយបញ្ចុះទម្ងន់យ៉ាងប្រសិទ្ធភាពផង ត្រូវបានអ្នកជំនាញការលើកឡើង នោះគឺ «របបអាហារឥន្ទធនូ» ។
គោលការណ៍ដ៏សាមញ្ញ និងងាយចាំបំផុតរបស់របបអាហារឥន្ទធនូគឺៈ ផ្លែឈើ និងបន្លែ ៥ មុខ ជាមួយនឹង ៥ ពណ៌ក្នុង១ថ្ងៃ។
ការស្រាវជ្រាវបានបញ្ជាក់ថា សារជាតិប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈអាល់កាឡាំងក្នុងផ្លែឈើ និងបន្លែ អាចបន្ថយហានិភ័យមហារីក, ជំនួយសាច់ដុំឆ្អឹង ទប់ស្កាត់ជំងឺពុកឆ្អឹង ។ របបអាហារនេះក៏ត្រូវបានចាត់ទុកថា មានប្រសិទ្ធភាពធ្វើឲ្យប្រសើរឡើងសុខភាពសរសៃឈាមបេះដូង, បង្កើនមុខងារខួរក្បាល, សម្រួលជាតិខ្លាញ់ក្នុងរាងកាយ, ព្យាបាលឈឺខ្នង… ។
ពពួកផ្លែឈើ និងបន្លែពណ៌ផ្សេងៗគ្នា ផ្ទុកសារជាតិជីវជាតិខុសគ្នា ។ នោះជាមូលហេតុដែលអ្នកគួរបរិភោគអាហារមានពណ៌ផ្សេងៗគ្នាជាប្រចាំ ។
តាមបណ្ឌិត Annemarie Colbin ទីប្រឹក្សារបស់គេទំព័រ Food and Healing.com : គោលការណ៍សាមញ្ញ និងងាយបំផុតរបស់របបអាហារឥន្ទធនូ គឺបរិភោគបន្លែផ្លែឈើ ៥ មុខ ជាមួយនឹង ៥ ពណ៌ (ក្រហម, លឿង និងទឹកក្រូច, ស, បៃតង, ខៀវ និងស្វាយ) រាល់ថ្ងៃ ។
– ក្រុមអាហារពណ៌ក្រហមរួមមាន៖ ស្ត្របឺរី, ឪឡឹក, ប៉េងប៉ោះ, ក្រូចថ្លុងក្រហម, ឆៃថាវក្រហម, ម្ទេសប្លោកក្រហម… ។ ពណ៌ក្រហមសម្បូរសារជាតិ lycopene និង betacycin: ល្អសម្រាប់សរសៃឈាម, ទប់ស្កាត់ជំងឺ Alzheimer, ល្អសម្រាប់បេះដូង, បង្ការជំងឺមហារីកក្រពេញប្រូស្តាត, ការពារស្បែក ។
– ក្រុមអហារពណ៌លឿង និងទឹកក្រូច រួមមាន៖ ក្រូចឆ្មារ, ការ៉ុត, ល្ពៅ, ម្ទេសប្លោកលឿង, ពោត, ម្នាស់… ។ ពណ៌លឿង និងទឹកក្រូច សម្បូរសារជាតិ lutein និង beta carotine: អាចជួយការពារភ្នែក, ល្អសម្រាប់សន្លាក់, បង្ការមហារីក, បន្ថយកូឡេស្តេរ៉ូល, ល្អសម្រាប់ប្រព័ន្ធអង្គបដិបក្ខ ។
– ក្រុមអាហារពណ៌ស រួមមាន៖ ផ្កាខាត់ណា, ខ្ទឹមបារាំង, ឆៃថាវ, ខ្ទឹមស… ។ ពណ៌ស សម្បូរសារជាតិ Xanthone និង Allicin ល្អសម្រាប់សរសៃឈាមបេះដូង, ការពារក្រពះ, ល្អសម្រាប់ផ្លូវពោះវៀន, បន្ថយកូឡេស្តេរ៉ូល, ល្អសម្រាប់ប្រព័ន្ធអង្គបដិបក្ខ ។
– ក្រុមអាហារពណ៌បៃតង រួមមាន៖ ពួយឡេង, ត្រសក់, ឃិនឆាយ, ទំពាំងបារាំង, ផ្លែប៊័រ, គីវី, ផ្កាស្ពៃខៀវ… ពណ៌បៃ តងសម្បូរសារជាតិ Chlorophyll ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ, ការពារភ្នែក, ជួយឲ្យឆ្អឹងរឹងមាំ, ទប់ស្កាត់ភាពចំណាស់, បង្ការមហារីក ។
– ក្រុមអាហារពណ៌ខៀវ និងស្វាយរួមមាន៖ ស្ពៃក្តោបស្វាយ, ប៉េងប៉ោះខ្មៅ, ត្រប់ស្វាយ, ផ្លែប្ល៊ូបឺរី, ទំពាំងបាយជូរស្វាយ… ពណ៌ខៀវ និងស្វាយ សម្បូរសារជាតិ Anthocyanin: ល្អសម្រាប់សរសៃឈាម, ល្អសម្រាប់បេះដូង, បង្ការការពុលអាហារ, ការពារកោសិកា, ជួយឲ្យសក់រឹងមាំ ៕ លីសា