គេងមិនលក់ជាជំងឺមួយអាចធ្វើឲ្យអ្នក «ចង់ស្លាប់» មួយរំពេច ដោយសារតែផលវិបាកដែលមានតែអ្នកផ្ទាល់ទើបដឹង ។ បណ្ឌិត Andrew Weil ចែករំលែកអាថ៌កំបាំងជួយឲ្យអ្នកគេងលក់ភ្លាមតែក្នុងរយៈពេល១នាទី ។
គេងមិនលក់តែងមានផលវិបាកអូសបន្លាយ ដូចជាច្របូកច្របល់ផ្លូវចិត្ត, លំបាកអំពីការយល់ដឹង, ងងុយគេងពេលថ្ងៃ, អស់កម្លាំង, ល្វើយល្ហិតល្ហៃ, ខ្វះថាមពល ។
ថ្មីៗនេះ វេជ្ជបណ្ឌិត – បណ្ឌិតធ្លាប់បានសិក្សានៅសកលវិទ្យាល័យហាវ៉ាដ គឺ Andrew Weil M.D នៅរដ្ឋអារីហ្សូណា (អាមេរិក) បានចែករំលែកវិធីសាស្ត្រមួយ ជួយឲ្យអ្នកគេងភ្លាមតែក្នុងរយៈពេល១នាទី ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយ ឬថ្នាំគេង ។
នេះជាវិធីហាត់ដកដង្ហើមតាមចង្វាក់រាប់ ត្រូវបានដាក់ឈ្មោះថា «វិធីដកដង្ហើម 4-7-8» ។ អត់ធ្មត់ហាត់វិធីសាស្ត្រនេះ អ្នកអាចគេងលក់លឿន តែក្រោយពេល ៦០ វិនាទី ។
ពុំទាន់ដឹងប្រាកដថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នាឬអត់ តែសព្វថ្ងៃមានមនុស្សយ៉ាងច្រើនកំពុងជឿជាក់ ហ្វឹកហាត់តាម និងចែករំលែកជាមួយគ្នាតាមរយៈបណ្តាញសង្គម ។
. របៀបអនុវត្តន៍ «វិធីដកដង្ហើម 4-7-8»
អ្នកគ្រាន់តែប្រមូលផ្តុំស្មារតី, ដកដង្ហើមចូល ៤ វិនាទី រក្សាដង្ហើម (អត់ដង្ហើម) ក្នុងរង្វង់ ៧ វិនាទី, បន្ទាប់មកដកដង្ហើមចេញ ៨ វិនាទី ។ ធ្វើជាប់ ៣ ដង គឺនឹងមានអារម្មណ៍ងងុយគេង ។
ដំបូង អាចអ្នកធ្វើពុំបាន ព្រោះពុំទាន់ធ្លាប់ជាមួយនឹងវិធីសម្រួល និងរក្សាដង្ហើម, ដង្ហើមច្រើនតែខ្លី និងឧស្សាហ៍ត្រូវ «ដាច់ដង្ហើម» ។ ដូច្នេះ អ្នកចាំបាច់ត្រូវហ្វឹកហាត់មុន, គួរហាត់នៅពេលថ្ងៃត្រង់ និងពេលយប់ (២ ដងក្នុង១ថ្ងៃ) ធម្មតា ត្រូវចំណាយពេលពី ៦ ទៅ ៨ សប្តាហ៍ ហ្វឹកហាត់ជាប់ អ្នកទើប«ដកដង្ហើម» បានត្រឹមត្រូវ ។
ក្រោយពេលទម្លាប់បាន, នេះគឺជាវិធីដកដង្ហើមទៀងទាត់ មុនពេលចូលគេង ជួយឲ្យអ្នកអាចឆាប់គេងលក់មួយរំពេច ៕ សូយន