Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កូរ៉េ សន្យា​ផ្តល់​កម្ចី​ជាង 66 លាន​ដុល្លារ ដើម្បី បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល​

​ភ្នំពេញ ​៖ រដ្ឋាភិបាល​កូរ៉េ សន្យា​ផ្តល់​កម្ចី EDCF 66,57 លាន​ដុល្លារ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​កម្ពុជា (UHS)​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១១​តុលា​នេះ​ថា រដ្ឋាភិបាល​កូរ៉េ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ជូនដំណឹង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថា រដ្ឋាភិបាល​កូរ៉េ​បាន​សម្រេច​ចិត្ត​លើ​ការសន្យា របស់​រដ្ឋាភិបាល​ថា នឹង​ផ្តល់​ប្រាក់​កម្ចី EDCF ចំនួន 66,57 លាន​ដុល្លារ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការបង្កើត វិទ្យាស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​កម្ពុជា​។​

​មូលនិធិ​សហ​ប្រតិ​ប​ត្ដិ​ការអភិវឌ្ឍន៍សេ​ដ្ឋ​កិច្ច (EDCF) ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ឆ្នាំ 1987 ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​សម្រេចបាន​នូវ​ឧស្សាហូបនីយកម្ម និង​ស្ថិរភាព​សេដ្ឋកិច្ច​តាមរយៈ​ការ​ផ្តល់​ឥណទាន​រយៈពេល​វែង និង​ការប្រាក់​ទាប​។ បច្ចុប្បន្ន​នេះ​ធនាគារ​កូរ៉េ Eximbank គ្រប់គ្រង​មូលនិធិ​នេះ ជា​អ្នកទទួលខុសត្រូវ​។​

​គម្រោង​នេះ​មាន​គោលបំណង ចិញ្ចឹម​បីបាច់​បុគ្គលិក​សុខាភិបាល​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​មាន​គុណភាព​អប់រំ​ខ្ពស់ ព្រមទាំង​ផ្តល់​សេវា​សុខភាព​ស្តង់ដារ​ខ្ពស់ ដោយ​បង្កើត​មន្ទីរពេទ្យ​បង្រៀន មាន គ្រែ 200 គ្រែ ជាមួយនឹង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ល្អ ៗ ។​

​កង្វះ​មន្ទីរពេទ្យ​បង្រៀន ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ជា​លំដាប់ នូវ​តម្រូវការ​សម្រាប់​កម្មវិធីសិក្សា​គ្លីនីក ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្របច្បាប់ និង​រួមបញ្ចូល​គ្នា និង​ផ្តល់​នូវ​បទពិសោធន៍​ព្យាបាល​បន្ថែមទៀត ជាមួយ​អ្នកជំងឺ​កាន់តែច្រើន​សម្រាប់​គ្រូពេទ្យ ក្នុង​ការបណ្តុះបណ្តាល ក៏ដូចជា​និស្សិត​ពេទ្យ​។​

​នៅពេល​មន្ទីរពេទ្យ​បង្រៀន UHS ត្រូវបាន​បង្កើតឡើង ជាមួយ​នឹង​ការគាំទ្រ​ពី EDCF វា​នឹង​អាច​អភិវឌ្ឍ​អ្នកជំនាញ ផ្នែក​វេជ្ជសាស្ត្រ​ដែល​មាន​គុណភាព​ខ្ពស់ តាម​របៀប​ជា​ប្រព័ន្ធ​។​

​គេ​រំពឹងថា​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​វេជ្ជសាស្ត្រ​ទំនើប តាមរយៈ​ការផ្គត់ផ្គង់ និង​ការដំឡើង​ឧបករណ៍​ពេទ្យ​ទំនើប និង​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពេទ្យ​។​

​រដ្ឋាភិបាល​កូរ៉េ បាន​ផ្តល់​ប្រាក់​កម្ចី​សរុប​ចំនួន 766 លាន​ដុល្លារ​អាមេរិក ក្នុង​កម្ចី EDCF ដើម្បី​គាំទ្រ​ដល់​គម្រោង​នៅ​ប្រទេស​កម្ពុជា ចំនួន 22 ចាប់តាំងពី​ឆ្នាំ 2001 ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×