ទោះបីប្រកបរបរយកកាំភ្លើងភ្ជង់លើក្បាលអ្នកដទៃក្តី ប៉ុន្តែចោរប្លន់ដ៏ចម្លែកនេះ ពុំដែលភ្លេចពាក់ម៉ាស់ថែរក្សាស្បែកមុខរាល់ពេលចេញ “ប្រតិបត្តិការ” ។
បុរសចូលចិត្តថែសម្ផស្ស បច្ចុប្បន្នពុំមែនជារឿងកម្រឬចម្លែកទេ ប៉ុន្តែការថែសម្ផស្សរួមទាំងពេលចេញធ្វើចោរប្លន់លើពិភពលោកនេះ ប្រាកដជាពុំមានច្រើនឡើយ។
រឿងរ៉ាវគឺថ្មីៗនេះ នៅ Los Angeles អាមេរិក មានវត្តមានចោរប្លន់ចម្លែកម្នាក់។ វាតែងប្រើកាំភ្លើងដើរប្លន់តាមហាងតូចៗ នឹងនៅដាច់ឆ្ងាយពីគេជាបន្តបន្ទាប់ ហើយរៀងរាល់ពេលប្លន់ចោររូបនេះតែងពាក់ម៉ាស់មុខថែទាំស្បែក ។
តាមព័ត៌មានដែលចុះផ្សាយ ចោរប្លន់ដែលនិយមថែសម្ផស្សនេះច្រើនធ្វើសកម្មភាពនៅតំបន់ Eagle Rock ។ វាមានចលនារហ័សហួន តែចរិតឆាប់ខឹង និងឆេវឆាវ ។
មកទល់ពេលនេះ វាបានប្លន់សម្រេច ៧ករណីមកហើយ ធ្វើឲ្យចោរប្លន់និយមពាក់ម៉ាស់មុខក្រដាសនេះ កាន់តែមានជំនឿលើខ្លួនឯងឡើង។ រៀងរាល់ពេលសម្រុកចូលប្លន់ គឺអនុញ្ញាតឲ្យអ្នកលក់ ឬម្ចាស់ហាង មានពេលត្រឹម ៣វិនាទី ដើម្បីហុចលុយមកឲ្យវា។ ក្នុងចំណោមការប្លន់៧លើក មានបុគ្គលិកលក់ទំនិញម្នាក់យកលុយយឺតនោះ ចោរប្លន់រូបនេះក៏បាញ់ឲ្យរងរបួសភ្លាម។
ប្រជាពលរដ្ឋរស់នៅតំបន់ Eagle Rock ពិតជាភ័យខ្លាច ហើយហៅវាថា “ចោរប្លន់ពាក់ម៉ាស់មុខ” ។ ពួកគេក៏ដឹងដែរថា ការពាក់ម៉ាស់មុខរបស់ចោររូបនេះ ពុំមែនថែបំប៉នសម្រស់មុខវាប៉ុណ្ណោះទេ តែក៏លាក់បំបាំងផ្ទៃមុខ និងអត្តសញ្ញាណរបស់វាយ៉ាងមានប្រសិទ្ធភាព ។ ព្រោះថារហូតមកទល់ពេលនេះ ប៉ូលិសនៅពុំទាន់ចាប់ខ្លួនវាបានទេ ទោះបីទទួលបាននូវរូបភាពជាច្រើនរបស់វាតាមរយៈកាមេរ៉ាសុវត្ថិភាពក្តី ៕ ដោយ ៖ សូយន