ខេត្តកំពង់ធំ ៖ ប្រភពព័ត៌មានមួយបានអះអាងថា ស្មៀនឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានឈ្មោះ លោក ហួង ធានមុយ ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោក ហួង ធានទៀង អនុប្រធានទី១ នៃគណបក្សខ្មែរសាធារណរដ្ឋដឹកនាំដោយ លោក លន់ ឬទ្ធិ ពិតជាថ្លើមធំមែន។ ថ្លើមធំក៏ដោយសារតែនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨នេះ លោកស្មៀនឃុំរូបនេះបានលួចទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរឿងទី១ អោយគណបក្សខ្មែរសាធារណរដ្ឋ ប្រចាំមណ្ឌលកំពង់ចាម ដោយមិនបានដាក់ពាក្សសុំច្បាប់ឈប់សម្រាក់ពិសេសដូច លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា នោះឡើយ។
ប្រភពព័ត៌មានដដែល ក៏បានចោទថា លោកស្មៀន ហួង ធានមុយ បានឃុបឃិតជាមួយបងប្រុសឈ្មោះ ហួង ធានទៀង ដែលជាអនុប្រធានទី១ នៃគណបក្សខ្មែរសាធារណរដ្ឋ បានរួមដៃគ្នាក្លែងបន្លំឯកសារសាធារណៈ លួចយកឈ្មោះមន្ត្រីកិច្ចសន្យាឃុំសំបូរម្នាក់ គឺ លោកស្រី ហុឹម ឈុនហុង ទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរឿងទី៨ អោយគណបក្សខ្មែរសាធារណរដ្ឋ ប្រចាំមណ្ឌលកំពង់ចាមជាមួយខ្លួន ដោយម្ចាស់ខ្លួនគេមិនបានដឹងអ្វីបន្តិចទាល់តែសោះ។ ប្រភពអះអាងថា រឿងខាងលើនេះ ទើបបានបែកធ្លាយនៅពេលអាជ្ញាធរស្រុកប្រាសាទសំបូរ បានចុះស្រាវជ្រាវ ទើបលោកស្រី ហុឹម ឈុនហុង បានដឹងរឿងនេះ និង បានធ្វើលិខិតបដិសេដផងដែរ។
តាមប្រភពបានអោយដឹងទៀតថា ស្មៀនឃុំសំបូរ លោក ហួង ធានមុយ ជាសមាជិកសំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា ឃុំសំបូរ ប៉ុន្តែមួយរយះពេល ចាប់តាំងពីពេលយុទ្ធនាការឃោសនាបោះឆ្នោះមក ស្មៀនរូបនេះ ដូចជាប្លែកខុសពេលមុន ដោយរូបលោកមិនសូវបានទៅបំពេញការងារខ្លួនទេ ដោយរូបគេនៅប្រឹងជួយរកកម្លាំងគាំទ្រអោយគណបក្សខ្មែរសាធារណរដ្ឋទៅវិញ ដែលសកម្មភាពនេះជាអំពើក្បត់បក្សឯង លួចចូលបក្សគេ ឬហៅថាជនក្បត់បក្ស...។
ប្រភពដដែលបានឲ្យដឹងថា ស្មៀនឃុំសំបូរ គឺលោក ហួង ធានមុយ និងលោក ហួង ធានទៀង ដែលត្រូវជាបង បានយកឈ្មោះប្រជាពលរដ្ឋនៅឃុំកំពង់ក្រសៅ ដែលជាស្រុកកំណើតខ្លួន និងឈ្មោះប្រជាពលរដ្ឋនៅឃុំសំបូរ សរុបចំនួន៨នាក់ ទាំងលោកស្រី ហុឹម ឈុនហុង ទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ អោយគណបក្សខ្មែរសាធារណរដ្ឋ ប្រចាំមណ្ឌលកំពង់ចាមជាមួយខ្លួន ដែលលេខរៀងទី២ ដល់ លេខរៀងទី៩ នៃបញ្ជីរបេក្ខជនតំណាងរាស្ត្រ។
តាមប្រភពពីអតីតអ្នកធ្លាប់គាំទ្រ គណបក្សខ្មែរសាធារណរដ្ឋ បានអោយដឹងថា លោក ហួង ធានមុយ និងលោក ហួង ធានទៀង ជាមនុស្សមានអំណាចខ្លាំងនៅក្នុងបក្សមួយនេះ ដោយសារពួកគេសម្បូរលុយ ហើយលោកប្រធាន លន់ ឬទ្ធិ ក៏ពេញចិត្តពួកទាំងពីរនេះជាងមន្ត្រីបក្សជាច្រើនទៀត។
សូមរំលឹកថា ក្នុងចំណោមគណបក្ស១៦ គឺគណបក្ស១៥ គេបានចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងត្រូវបានព្រះមហាក្សតចេញព្រះរាជក្រិតតែងមុខតំណែងរួចហើយ នៅឡើយតែគណបក្សខ្មែរសាធារណរដ្ឋមួយប៉ុណ្ណោះ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា នៅមុន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវប្ដូរទីកន្លែងឃុំឃាំង ពីត្រពាំងផ្លុងមកឃុំខ្លួន នៅក្នុងផ្ទះនារាជធានីភ្នំពេញវិញនោះ លោក លន់ ឬទ្ធិ ដែលជាប្រធានគណបក្សខ្មែរសាធារណរដ្ឋ ក៏បានទូរស័ព្ទទៅសម្ដេច សាយ ឈុំ ដើម្បីរកលេខទូរស័ព្ទឯកឳត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ហើយត្រូវសម្ដេច សាយ ឈុំ ឆ្លើយថាជាប់ជិះការណូត ទូរស័ព្ទម្ដង់ទៀត សម្ដេច សាយ ឈុំ ឆ្លើយថា ជាប់ជិះការណូតដដែល ពេលនោះ លោក លន់ ឬទ្ធិ បាននិយាយទៅ សម្ដេច សាយ ឈុំ ថា សូមលោកជួយប្រាប់អោយ លោក ប៊ិន ឈិន ទូរស័ព្ទមកគាត់ (លន់ ឬទ្ធី)ផង ដោយ លោក លន់ ឬទ្ធិ មិនបានប្រើពាក្យសម្ដេច ឬឯកឧត្តមនោះទេ នាពេលនោះ។
ប្រភពឲ្យដឹងទៀតថា បន្តមកទៀត គឺនៅក្រោយប៉ុន្មាននាទី លោក លន់ ឬទ្ធិ ក៏រកលេខទូរស័ព្ទឯកឧត្តម ប៊ិន ឈិន បានពីអ្នករាប់អានម្នាក់ ហើយពេលនោះ លោក លន់ ឬទ្ធិ ក៏បានទូរស័ព្ទជួបឯកឧត្តម ប៊ិន ឈិន ហើយលោក លន់ ឬទ្ធិ បានសួរថា លោក ប៊ិន ឈិន មែនទេ ខ្ញុំលន់ ឬទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដោយសារពាក្សនិយាយខ្វះការគួរសម ធ្វើអោយឯកឧត្តម ប៊ិន ឈិន ឆ្លើយថាមិនមែនទេ ប៉ុន្តែអាចបញ្ជាក់បានថា គឺឯកឧត្តម ប៊ិន ឈិន ត្រង់គាត់ឆ្លើយតបថា មានការអីទាក់ទងទៅ ផលវរុណ (ឯកឧត្តម ឈឹម ផលវរុណ) បានហើយ រួចគាត់ក៏បិទទូរស័ព្ទតែម្ដង។
ចំណែកនៅព្រឹកថ្ងៃច័ន្ទ ដែលជាថ្ងៃ លោក កឹម សុខា ត្រូវប្ដូពីការឃុំឃាំងពីត្រពាំងផ្លុងមកឃុំខ្លួន នៅក្នុងផ្ទះនារាជធានីភ្នំពេញនោះ លោក លន់ ឬទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋក៏បានបញ្ជូនបញ្ជីរថ្នាក់ដឹកនាំគណបក្សខ្លួនបីរូប ឲ្យចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់ ដោយអោយអ្នករត់ម៉ូតូឌុបឈ្មោះ អាង ផានិត ដែលជាមនុស្សជំនិតខ្លួន និងជាអ្នកសសេរ ព្រមទាំងអានលិខិតស្នាមនានាជូនគាត់(លន់ ឬទ្ធី) គ្រប់ពេលនោះដោយ លោក លន់ ឬទ្ធិ មិនចេះអក្សខ្មែរ កាន់យកលិខិតនោះ ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីប្រគល់ជូនឯកឧត្តម ឈឹម ផលវរុណ សម្រាប់ដាក់ជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្វាយព្រះមហាក្សតចេញព្រះរាជក្រិត្យតែងតាំង ប៉ុន្តែដោយលោក លន់ ឬទ្ធិ បានលឺព័ត៌មានថា លោក កឹម សុខា ត្រូវដោះលែង លោក លន់ ឬទ្ធិ បានបញ្ជាអោយដោយអោយអ្នករត់ម៉ូតូឌុបឈ្មោះ អាង ផានិត ដែលជាមនុស្សជំនិតខ្លួនកាន់យកលិខិតនោះមកវិញទៅ រួចលោក លន់ ឬទ្ធិ ក៏ទូរស័ព្ទទៅឯកឧត្តម ឈឹម ផលភិរុណ នៅវេលាម៉ោងខ្ទង់ ១១ព្រឹកក្នុងថ្ងៃដដែល ដោយថាគាត់អាចពន្យាពេលដាក់បញ្ជីរឈ្មោះបានទេ ហើយពេលនោះត្រូវឯកឧត្តម ឈឹម ផលវរុណ ឆ្លើយថាពេលណាក៏បានដែរ អោយតែគណបក្ស ដែលបានចូលរួមជួបសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃដំបូង។ ចំពោះមូលហេតុដែល លោក លន់ ឬទ្ធិ ឈប់បញ្ជូនបញ្ជីរឈ្មោះទៅចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងថ្ងៃលោក កឹម សុខា មកពីត្រពាំងផ្លុងនោះទំនងជា លោក លន់ ឬទ្ធិ គិតថានយោបាយអាច និងប្រែប្រួល និងដោយសាគាត់ជាមនុស្សគាំទ្រអាមេរិកល្អគ្រប់ពេលផងក៏ផ្អាក់សិនទៅ។
ករណីនេះប្រភពព័ត៌មាន ក៏បានស្នើរឲ្យ លោកអភិបាលស្រុកសំបូរ និងលោកអភិបាលខេត្តកំពង់ធំ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ព្រមទាំងស្ថាបនតុលាការជាដើម គួរបើកការស្រាវជ្រាវរឿងនេះជាបន្ទាន់ ដើម្បីនាំខ្លួនជនខិលខូចមកផ្ដន្ទាទោសតាមច្បាប់។
ទោះជាបែបនេះក្តី គេហទំព័រ” www.cen.com.kh” មិនទាន់មានប្រភពទាក់ទង លោក ហួង ធានមុយ និង លោក ហួង ធានទៀង ដើម្បីបំភ្លឺជុំវិញព័ត៌មានខាងលើនេះបាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ៕ ដោយ ៖ ដែនសីមា