ព្រះសីហនុ ៖ ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសម្រាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀត សម្រាប់កែលម្អ ឲ្យទៅជាសួនរមណីយដ្ឋានទេសចរណ៍ ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង តាមផេកហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៨ខែតុលាថា នៅក្នុងគម្រោងដែលបានគ្រោងទុក ក៏មានសាងសង់នូវផ្លូវកាត់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អ ដោយភ្លើងពណ៌ផងដែរ ។
ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ កម្សាន្តដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ។
ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់ លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព ។
ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មនានាជុំវិញការលុបបឹងមួយនេះ ក៏ដូចជា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាត់ផ្ទៃដីជាង ១១ហិកតាចេញពីតំបន់អភិរក្សបឹងព្រែកទប់៕ ដោយ៖រចនា