ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត អស្សុជ ឆ្នាំច សំរឹទ្ធិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធីផ្តល់ស្រូវពូជនៃប្រព័ន្ធស្បៀងបំរុងកម្ពុជា ជូនដល់កសិករដែលមានផលប៉ះពាល់ដោយគ្រោះ មហន្តរាយ(រាំងស្ងួត) សម្រាប់ស្តាឡើងវិញ ក្នុងឃុំស្វាយយា ខេត្តស្វាយរៀងមកពី៧ភូមិក្នុងឃុំ ស្មើនឹង១៧៧គ្រួសារ សរុបពូជស្រូវចំនួន៨.៨៥០ គីឡូក្រាម ក្រោមអធិបតីភាពលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហែម សារិទ្ធ អភិបាលរងស្រុក ស្វាយជ្រំ តំណាងលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុក លោកប្រការិយាល័យកសិកម្មស្រុក សមាជិកគណកម្មការគ្រោះមហន្តរាយខេត្ត លោកមេឃុំស្វាយយា លោក លោកស្រី ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ២០០នាក់។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឲ្យដឹងថា ពូជស្រូវ ដែលបានចែកជូនប្រជាកសិករនៅព្រឹកនេះជាប្រភេទពូជស្រូវឈ្មោះថា ខា១៥ ។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា: ក្រោយពីបងប្អូនទទួលបានពូជស្រូវទាំងនេះហើយ សូមប្រជាកសិករទាំងអស់យកទៅដាំដុះអោយត្រូវគោលដៅ ក្នុងរយះពេល១ខែម្តងក្រុមការងាររបស់មន្ទីរនិងចុះទៅពិនិត្យអំពីការដាំដុះនៃស្រូវពូជទាំងនេះរបស់បងប្អូនថាបានដាំឬអត់។ ម្យ៉ាងទៀតប្រសិនបើមានករណីស្រូវលូតលាស់មិនល្អ ឬមានរោគសញ្ញាផ្សេងៗសូមបងប្អូនធ្វើការរាយការណ៍មកការិយាល័យកសិកម្មស្រុកដើម្បីចាត់មន្ត្រីជំនាញចុះមកពិនិត្យនឹងរកវិធានការទប់ស្កាត់ ៕ ដោយ ៖ វ៉ៃកូ