ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង ៣០ គ្រួសារ មធ្យម ២៧ គ្រួសារ ចាស់ជរា ៧៤ គ្រួសារ ពិការ ១១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ១៧៨ គ្រួសារ សរុប ៣២០ គ្រួសារ មកពី ៦ ឃុំ ក្នុងស្រុកចន្ទ្រា ៥ សង្កាត់ក្នុងក្រុងបាវិត និង ៩ ឃុំក្នុងស្រុកស្វាយទាបដែលត្រូវ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
ពិធីប្រគល់និងទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានរៀបចំឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ក្រុងបាវិត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើមដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ និងជាពិសេសត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំណោយបានចែកជូន ២៦៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៤០,០០០ រៀល ។
ដោយឡែកគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះមធ្យម ២៧ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ។ គ្រួសារខូចខាតទាំងស្រុង ៣០ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបទ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ២០០,០០០ រៀលផងដែរ ៕ ដោយ ៖ វ៉ៃកូ