Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុបសកម្មភាពការងារ និងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨

ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​ការរៀបចំ​វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា ប្រធាន អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក នៃ​ខេត្ត​ស្វាយរៀង និង​សរុប ១៣៧​រូប ។​

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បាន​រាយការណ៍​អំពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​ក្រុម​ការងារ​សម្រេច​បាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ក្នុងនោះ ក្រុម​ការងារ​បាន​ចុះ​ធ្វើ​វេទិកា​សាធារណៈ ៧៧​លើក កើនឡើង ៤៧​លើក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ទទួល​បាន​សំណើ សំណូមពរ ចំនួន ១២៥ ដោយ​បាន​ដោះស្រាយ​រួច ៥៩ កំពុង​ដោះស្រាយ ៣១ និង​មិន​ទាន់​ដោះស្រាយ ៣៥ ។

ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់បន្ថែម​ថា អាស្រ័យ​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ ការចូលរួម​ពី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំងអស់ តាមរយៈ​ការជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ផ្ទាល់ខ្លួន និង​កៀងគរ​ថវិកា​ពី​សប្បុរសជន ព្រមទាំង​ការអនុវត្ត​នូវ​មូលនិធិ​នៅ​ថ្នាក់ក្រោម​ជាតិ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បាន​ដោះស្រាយ​បញ្ហា​ជាច្រើន ឆ្លើយតប​ទៅនឹង​សំណើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​នៅក្នុង​អង្គ​វេទិកាសាធារណៈ​ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ រួម​មាន​ការជួសជុល និង​ស្ថាបនា​ផ្លូវ ទាំង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ដី​ស គ្រួស​ក្រហម ក្រាល​ថ្ម​មិច បេតុង និង​ក្រាល​កៅស៊ូ បាន​ជួយ​ស្ថាបនា​លូទឹក ស្ដារ​ប្រឡាយ​ទឹក ទំនប់​បង្ហៀរទឹក ស្ពាន និង​បាន​កៀរគរ​សប្បុរសជន​ជួយ​កសាង​អគារសិក្សា ពុទ្ធិក​បឋមសិក្សា ឧបដ្ឋានសាលា ព្រះវិហារ កុដិ មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក អគារ​សាលាឃុំ ហើយ​ក្រៅពីនេះ បាន​ធ្វើ​ការឆ្លើយបំភ្លឺ និង​ទទួលយក​នូវ​សំណូមពរ​ផ្សេងៗ​ទៀត​ទៅ​ធ្វើ​ការដោះស្រាយ តាម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ប្រធាន​ក្រុមការងារ ក៏​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត និង​សម្រេច​ឲ្យបាន​ជោគជ័យ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បំពេញ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​តទៅ ៖ ១.​ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ២.​ត្រូវមាន​កិរិយាមាយាទ​សុភាពរាបសារ ទន់ភ្លន់ ដោះស្រាយ​បញ្ហា​ដោយ​សាមគ្គីភាព និង​ស្មរតី​សហការ​ខ្ពស់ ៣. ត្រូវ​បន្ត​ជំរុញ​ឲ្យ​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ៤.​ត្រូវ​តាមដាន​ស្តាប់​រាល់​ប្រសាសន៍ និង​សុន្ទរកថា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ជា​ទុន​ចំណេះដឹង និង​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​ឆ្លើយបំភ្លឺ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ប្រតិកម្ម​រហ័ស​វាយបក​ភ្លាមៗ រាល់​ឧបាយកល​ញុះញង់ បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង ៥.​បន្ត​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​សម្រេច​បាន​នា​ពេលកន្លងមក និង​បន្ត​ជំរុញ​ការអនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​លើកកម្ពស់​ជីវភាព សុខមាលភាព​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង ៦.​ត្រូវ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ក្តាប់​ឲ្យបាន​ច្បាស់លាស់​រាល់​សំណូមពរ ឬ​សគល់​នៃ​បញ្ហា ការ​ប្រឈម និង​ការលំបាក​របស់​ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ​ជួយ​សម្រួល និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ៕ ដោយ ៖ ​វ៉ៃកូ​

×