Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា ចូលរួម​ជា​ដៃគូ​វិនិយោគ ជាមួយ​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​

ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរួមចំណែក​ជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ការពារ​តំបន់​ពាណិជ្ជកម្ម​សេរី និង​សមត្ថភាព​ក៏ដូចជា​ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។ ជាមួយគ្នា​នេះ​សម្ដេច​ក៏​សូម​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា ចូលរួម​ជា​ដៃគូ​វិនិយោគ ជាមួយ​កម្ពុជា​ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ ជាងនេះទៅទៀត សម្តេច​ក៏​គាំទ្រ​ពេញទំហឹង​នូវ​គោលនយោបាយ​អន្តរជាតិ​នានា​ដែល​ជ្រោមជ្រែង​ដល់​ការវិនិយោគ​ក្នុង​តំបន់​និង​ពិភពលោក ព្រមទាំង​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា សូម​ផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជួយ​គាំទ្រ​ដល់​ការរៀបចំ និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ថ្ងៃទី​23 ខែតុលា​ឆ្នាំ 2018 នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ 2018 ក្រោម​ប្រធានបទ​«​ទស្សនៈ​វិស័យ​វិនិយោគ​ក្នុង​យុគ្គសម័យ​សាកលភាវូបនីយកម្ម​» ដែល​ពិធី​នេះ គឺ​មាន​ការចូលរួម​ពី​អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ ​នៃ​បណ្តា​ប្រទេស​ជាច្រើន​រូប​ទៀត​ផង​ដែរ​។

​នៅ​ឱកាស​នោះ​ផង​ដែរ បន្ទាប់​ពី​សុន្ទរកថា​របស់​អគ្គលេខាធិការ​នៃ​សន្និ​សីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​រួច​ហើយ​នោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​សំខាន់​ដែល​មាន​អត្ថន័យ​ថា សម្ដេច​តេជោ ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ 2018 ដើម្បី​ចែករំលែក​ចក្ខុ​វិស័យ​សម្រាប់​អនាគត​របស់​យើង​។ សម្តេច​ក៏​អរគុណ​ដល់​អគ្គលេខាធិកា​រ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ និង​រដ្ឋាភិបាល​ស្វីស​ដែល​បាន​ផ្ដល់​បដិសណ្ឋា​រ​កិច្ច​យ៉ាង​កក់ក្តៅ​ដល់​រូប​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​គាំទ្រ​ផងដែរ​ចំពោះ​កិច្ចពិភាក្សា​នានា និង​អនុសាសន៍​ល្អៗ​ជាច្រើន​តាមរយៈ​បទ​អន្តរាគមន៍​មុនៗ​ទាក់​ទង​ទៅនឹង​ការវិនិយោគ​ក្នុង​យុគ្គសម័យ​ថ្មី​នៃ​សាកលភាវូបនីយកម្ម​ដែល​មាន​សារៈសំខាន់​ជា​ខ្លាំង​សម្រាប់​ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​ក្នុង​តំបន់ និង​ពិភពលោក​។ ដោយសារ​តែ​កម្ពុជា​ធ្លាប់បាន​ចូលរួម​វិភាគទាន​មួយ​ចំនួន​ដល់​ការអភិវឌ្ឍ​ពាណិជ្ជ​កម្ម និង​ការវិនិយោគ​ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សាកលលោក​នោះ សម្តេច​ក៏​បាន​ចែករំលែក​នូវ​គោលនយោបាយ​វិនិយោគ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដូចខាងក្រោម​៖

កម្ពុជា​គាំទ្រ​ពេញទំហឹង និង​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​គោលនយោបាយ​សាកលភាវូបនីយកម្ម​ដែល​ប្រកាន់​យក​នៅ​ប្រទេស​ភាគច្រើន​នៅក្នុង​សកលលោក​។ ប៉ុន្តែ​ពិភពលោក​បច្ចុប្បន្នកំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​យ៉ាង​ក្នុង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ច​សង្គម និង​អន្តោ​ប្រវេ​សន្ត​ន៍​បណ្តាលមកពី​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ស្របគ្នា​ទៅ​នឹង​និន្នាការ​គាំពារ​និយម​នៅក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​ខ្លះ​ដែល​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយា​​កាស​វិនិយោគ​សាកល និង​ធ្វើឱ្យ​ថមថយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​គោលនយោបាយ​បើក​ចំហ​ដែល​ធ្លាប់​បាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ 7% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​។ តាម​របាយការណ៍​របស់ UNCTAD ការវិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​កម្ពុជា​មាន​ការកើនឡើង 12 ភាគរយ​ក្នុង​ឆ្នាំ 2017 ដល់​កម្រិត​ខ្ពស់​បំផុត 2,8 billion ដុល្លារ អាមេរិក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​ទំនិញ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​ធ្វើអោយ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​​ប្រទេស​អភិវឌ្ឍន៍​តិចតួច 5 លើ​ពិភពលោក​ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ខ្ពស់​ជាងគេ​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ជា​ពី​ភព​ឬ​វត្ថុ​ដ៏​សំខាន់​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​។ កម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ 53 ភាគរយ​ក្នុង​ឆ្នាំ 2004 មក​នៅត្រឹម 13,5% នៅ​ឆ្នាំ 2014 ។

​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត តាមរយៈ​ការពង្រីក​មូលដ្ឋាន​ផលិតកម្ម កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ដឹកជញ្ជូន កាត់បន្ថយ​ថ្លៃ​អគ្គិសនី លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស​ការ​រៀប​ចំ​ប្រព័ន្ធ​បច្ចេកទេស​ព័ត៌មាន ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ និង​ការកែទម្រង់​ស្ថាប័ន​គតិយុត្ត​។

​ជាងនេះទៅទៀត កម្ពុជា​កំពុង​ជំរុញ​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ផ្ដល់​សេវាកម្ម​ប្រមូលផ្ដុំ​ប្រកបដោយ​ប្រសិទ្ធភាព​។ មកដល់ពេលនេះ​វិនិយោគិន​បាន​ស្នើសុំ​ចុះបញ្ជី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន 47 ទីតាំង ក្នុងនោះ 19 ទីតាំង​កំពុង​ដំណើរការ​ផលិត និង​នាំចេញ ហើយ 10 ទីតាំង​ផ្សេងទៀត​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​។ ជាមួយនឹង​សក្តានុពល វិនិយោគ​លើ​គ្រប់​វិស័យ គោលនយោបាយ​គាំពារ និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ កម្លាំង​ពលកម្ម​ទីផ្សារ​ទូលាយ​នោះ បច្ចុប្បន្ន​កម្ពុជា ក៏​មាន​អ្នកវិនិយោគ​បរទេស​ជាច្រើន បាន​ផ្លាស់ប្ដូរ​ទីតាំង​រោងចក្រ​មក​កម្ពុជា ព្រមទាំង​មាន​ការវិនិយោគ​ធំៗ​ផងដែរ​ដូចជា ចិន ជប៉ុន កូរ៉េ​ត្បូង​ជាដើម​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តទៀតថា សាកលភាវូបនីយកម្ម​គឺជា​និន្នាការ​នៃ​ពិភពលោក​ទាំងមូល​ដែល​ជួយ​ជំរុញ​ឲ្យមាន​កំណើន​សេដ្ឋកិច្ចការកា​ត់​បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​ផងដែរ​។ សម្ដេច​ក៏​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​រួម​សម្ដែង​នូវ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ​ដើម្បី​រក្សា​ឲ្យបាន​នូវ​បរិយាកាស​វិនិយោ​គ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ក៏​ដូចជា​បង្កើន​ទំនុកចិត្ត​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​៕​ ​ដោយ​៖​កូឡាប​

×