ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា អំពេីមនុស្សឃាតមួយកើត បានឡើងនៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។ ប៉ុន្តែប្រមាណដប់ម៉ោងក្រោយមក សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការជាមួយនគរបាលខេត្តសៀមរាប ចាប់បានឃាតករ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានអំពេីមនុស្សឃាតមួយកើតឡើង នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ភ្នំប៉ះប៉េីកក្រោយសាលាវិទ្យាល័យមិត្តភាព) បណ្តាលឱ្យជនរងគ្រោះជាមេការសំណង់ម្នាក់ស្លាប់ ក្រោយបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការសំណង់។ ហើយ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្រោយសាលាវិទ្យាល័យហ៊ុនសែនមិត្តភាព ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស៊ើបអង្កេតជឋបន្ទាន់ ដើម្បីរុករកមុខសញ្ញាជនដៃដល់។
សមត្ថកិច្ចនគរបាល ឲ្យដឹងថា អំពេីមនុស្សឃាតនេះ ផ្តើមចេញពីទំនាស់រឿងលុយកាក់ ដែលមេការសំណង់ ជាជនរងគ្រោះ បើកលុយឲ្យកម្មករមិនបានគ្រប់គ្នា គឺនៅខ្វះ២នាក់។
មន្ត្រីជំនាញ ឱ្យដឹងថា បន្ទាប់ពីបានចុះស្រាវជ្រាវ សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យចំនួន៣នាក់ ប៉ុន្តែជនសង្ស័យ ខាងលើ ក្រោយពេលបានធ្វើសកម្មភាព ក៏បានជួលរថយន្តតាក់ស៊ី ជិះគេចខ្លួន ឆ្ពោះទៅកាន់ខេត្តសៀមរាប និងមានបំណងឆ្លងដែនទៅកាន់ប្រទេសថៃ។
ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៧ព្រឹក នគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យបសនទាំង៣នាក់នោះ។
លោក កុល ភាគី ឲ្យដឹងទៀតថា ឈ្មោះជនសង្ស័យទាំង៣នាក់រួមមាន ៖ ឈ្មោះ ភោគ សុផាត ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិស្រិញ ឃុំជីក្រែ ស្រុកជីក្រែង ខេត្តសៀមរាប។ឈ្មោះ អុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅខេត្តបាត់ដំបង និងឈ្មោះ ឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើត នៅភូមិស្តៅ ឃុំអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
មុខសញ្ញាទាំង៣នាក់ នគរបាលខេត្តព្រះសីហនុ បានទៅទទួលយកនៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែតុលា ដើម្បីនាំយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ នៅសាលាដំបូងខេត្តព្រះសីហនុ៕ ដោយ ៖ ដែនសីមា