ភ្នំភ្លើង Agung លើកោះបាលីរបស់ឥណ្ឌូណេស៊ី មានសកម្មភាពសារជាថ្មីនៅថ្ងៃទី ២៥/១១ បន្ទាប់ពីវាសម្ងំស្ងៀមអស់កាលជិត ៥ទស្សវត្សរ៍មកហើយ។ សកម្មភាពលើកនេះកំពុបង្កមហន្តរាយដល់មនុស្សប្រមាណ ៤២០០០០នាក់ រស់នៅលើកោះនេះរួមទាំងភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ទៀត។
ក្នុងពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងមមាញឹកធ្វើការជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរ ចាកចេញពីតំបន់គ្រោះថ្នាក់នោះ កូនកម្លោះពីររូប ស្វែងវិធីចូលកៀកនឹងភ្នំភ្លើងថតរូបអនុស្សាវរីយ៍មង្គលការរបស់ពួកគេ ប៉ុន្តែពេលដែលអ្នកទាំង២នេះ បង្ហោះរូបភាពទៅលើបណ្តាញសង្គមនោះទទួលបានការរិះគន់ធ្ងន់ៗចំពោះទង្វើ “គ្មានការទទួលខុសត្រូវ” “ចរិកដូចកូនក្មេង” រួមទាំងអ្នកថតរូបផងដែរ។
ប្រភពព័ត៌មានឲ្យដឹងថា អ្នកទាំង២ គឺជានិស្សិតកំពុងសិក្សានៅអាមេរិក។ ខណៈពេលដែលជាងថតរូបបានបង្ហាញពីមោទនភាពចំពោះអាល់ប៊ុមរូបភាពដែល ៥០ឆ្នាំ ទើបភ្នំភ្លើងផ្ទុះម្តង វាជាឱកាសកម្រណាស់” ចំណែកគូស្វាមីភរិយាថ្មីវិញ និយាយថា នេះជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ហើយវាជានិមិត្តិរូបសម្រាប់ស្នេហាដ៏ដុង្គឧត្តមរបស់ពួកយើង។ តាមជាងថតរូបឲ្យដឹងថា ក្រុមរបស់ពួកគេបានទៅដល់បាលីនាថ្ងៃ ២៥/១១ ដោយមានគម្រោងថតរូបភាពមង្គលការរយៈពេល២ ថ្ងៃ គឺ 27-28/11 ។ ប៉ុន្តែនៅថ្ងៃទី ២៦/១១ ពេលទទួលបានព័ត៌មានថា ភ្នំភ្លើង Agung បានផ្ទុះនោះជាងថតរូបនេះបានផ្តើមប្រើគំនិតឲ្យអ្នកទាំង២ ហើយពួកគេពិតជារីករាយនឹងយល់ព្រម។ ដើម្បីមានរថយន្តដឹកទៅកាន់កន្លែងមួយស្ថិតនៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីភ្នំភ្នើង ពួកគេត្រូវបញ្ចុះបញ្ចូលនិងឲ្យតម្លៃខ្ពស់ដល់អ្នកបើកបររថយន្តទើបគេយល់ព្រម។ នៅក្នុងធូលីព្រមទាំងក្លិនខ្លោចពួកគេបានថតរូបអស់រយៈពេលស្ទើរពេញមួយថ្ងៃ។
ថ្ងៃ០១/១២ ក្រសួងការបរទេសចិន បានធ្វើការព្រមានដល់ពលរដ្ឋរបស់ខ្លួនកុំឲ្យទៅកាន់កោះបាលី។ ប្រសិនបើនរណាបានជ្រុលទៅដល់ហើយនោះត្រូវវិលត្រឡប់មកប្រទេសវិញ។ តាមតួលេខរបស់កុងស៊ុលរបស់ចិនប្រចាំកោះបាលី គិតត្រឹមម៉ោង ១១និង៣០នាទីថ្ងៃទី ២៩/១១ មានពលរដ្ឋចិន ១៧.០០០នាក់ នៅជាប់គាំងនៅបាលី ។ ហើយមកដល់ថ្ងៃទី០៣/១២ ពលរដ្ឋ ៥០០០នាក់ ត្រូវបានបណ្តេញចេញពីទីនេះ៕