Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋសភា​វៀតណាម​បន្ថែមទៀត​

​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួល​ជួប​សវនាការ និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈឹមបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈ​កម្មាធិកា​រ​​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ខណៈ​ដែល​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោកស្រី ជុង ធី​ម៉ា​យ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេលវេលា​អនុញ្ញាត​ឲ្យ លោកជំទាវ និង​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​។ លោកស្រី​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ ក្នុង​ការរៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​ប្រទេស​កម្ពុជា ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល និង​រដ្ឋ​សភា​អាណត្តិ​ថ្មី បាន​ប្រសូត្រ​ឡើង​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​បាន​គូសបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​សង្កេតឃើញថា កម្ពុជា​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម​គួរឲ្យ កត់សម្គាល់ ដែល​នេះ​បាន​បង្ហាញ​ឲ្យឃើញ ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ស្ថាប័ន​កំពូលៗ​កម្ពុជា មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​លោកស្រី បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា នៅក្នុង​នីតិកាល​ទី​៦​នេះ បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋ​សភា​កម្ពុជា និង​រដ្ឋសភា វៀតណាម​បន្ថែមទៀត ទាំង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ ក្នុង​ការតាក់តែង​ច្បាប់​ជាដើម ដើម្បី​បម្រើ​ផលប្រយោជន៍ ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​ក្នុងនាម​រដ្ឋ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី​ជុង ធី​ម៉ា​យ និង​សមាជិក​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ឆ្លៀត​ឱកាស​មក​ជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​នា​ពេល​នេះ​។ សម្តេច បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី និង​គណៈប្រតិភូ នាពេលនេះ ថា​ពិតជា​បាន​រួមចំណែក​ក្នុង​ការបន្ត​ពូន​ជ្រំ នូវ​ចំណង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​រវាង​បក្ស រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម កាន់តែ​រឹងមាំ​ខ្លាំងក្លា​ទ្វេដង​ថែម​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ រវាង​គណៈ​ចលនា​មហាជន នៃ​ប្រទេស​ទាំង​ពីរ និង​បាន​លើកទឹកចិត្ត ជួយ​ជំរុញ និង​លើកកម្ពស់​កិច្ចសហការ​នេះ ឲ្យ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត តាមរយៈ​ការផ្លាស់ប្តូរ​បទ​ពិសោធ​ន៍​​ពីគ្នា​ទៅវិញទៅមក​ឲ្យបាន​កា​ន់ តែ​ច្រើន ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

​សូមជម្រាបថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោកស្រី ជុង ធី​ម៉ា​យ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​កម្ពុជា ក្នុង​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែមទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​លើកឡើង​ថា សកម្មភាព​ចលនា​មហាជន របស់​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ខិតខំ និង​ប្រឹង​ប្រែង​​យ៉ាងសកម្ម ក្នុង​ការដឹកនាំ​ចលនា​មហាជន ឲ្យទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ នា​ពេលកន្លងមក ជាពិសេស​កិច្ច​សហ​ប្រតិ​បត្តិការ កាន់តែ​ជិតស្និទ្ធ​រវាង​ចលនា មហាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​នៅក្នុង​ជំនួប​សវនាកា​រ​នេះ ទាំង​សម្តេច​ប្រធានរដ្ឋសភា និង លោកជំទាវ ជុង ធី​ម៉ា​យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ជា​ចំណង​មិត្តភាព “​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហ​ប្រតិ​បត្តិការ លើ​គ្រប់​វិស័យ និង​យូរអង្វែង​” បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុ​ជា និង​វៀតណាម ជិត​ឈានដល់​គោលដៅ​ហើយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោកស្រី ជុង ធី ម៉ា​យ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×