ក្រុងហ្សាកាតា ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧៖ របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកនិយាយថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលកំពុងអភិវឌ្ឍន៍ដែលស្ថិតក្នុងចំណោមប្រទេសទទួលជោគជ័យខ្លាំងនៅលើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ និងក្នុងការកែលម្អស្តង់ដាជីវភាពរស់នៅរបស់ប្រជាជាន ចាំបាច់ត្រូវប្តូរទិសដៅទៅរកគំរូកំណើនសេដ្ឋកិច្ចថ្មីមួយទៀត ប្រសិនបើគេប្រាថ្នាចង់សម្រេចឲ្យបានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ទៅថ្ងៃមុខ។
របាយការណ៍ដែលមានចំណងជើងថា Riding the Wave: An East Asian Miracle for the 21st Century (ផលចំណេញពីភាពចម្រុងចម្រើនបច្ចុប្បន្ន៖ អព្ភូតហេតុតំបន់អាស៊ីបូព៌ាសម្រាប់សតវត្សរ៍ទី២១) និយាយថា កំណើនមានលក្ខណៈបរិយាប័ន្ន គឺកំណើនដែលកាត់បន្ថយភាពក្រីក្រហើយបង្កលក្ខណៈឲ្យមានចល័តភាពឈានឡើង និងធានាឲ្យមានសន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់ជនគ្រប់រូបនឹងតម្រូវឲ្យប្រទេសទាំងអស់ប្រឹងប្រែងឲ្យទៅហួសពីគំរូ “កំណើនមានវិសមធម៌”។ ទស្សនៈវិស័យសម្រាប់ចល័តភាពឈានឡើងត្រូវបានគេមើលឃើញថាហាក់មានការកើនឡើងមិនទៀតទាត់ ដែលឆ្លុះបញ្ចាំងនូវអារម្មណ៍មួយថា ប្រាក់ចំណូលនិងទ្រព្យកាន់តែមានលក្ខណៈប្រមូលផ្តុំ ហើយលទ្ធភាពទទួលបានសេវាជាមូលដ្ឋានបន្តនៅមានកម្រិត ហើយតែងតែមានគុណភាពអន់ទៀតផង។ ការសម្រេចឲ្យបានសន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់ជនគ្រប់រូបក៏កាន់តែលំបាកខ្លាំងឡើងដែរ ជាពិសេសសម្រាប់តំបន់មួយដែលកំពុងតែប្រឈមជាមួយនឹងបញ្ហាថ្មីៗច្រើន ក្នុងនោះមាន ជរាភាពកាន់តែលឿន ទស្សនៈវិស័យកំណើនកាន់តែមានភាពមិនប្រាកដប្រជា ហើយនិងការរីកដុះដាលរបស់ទីប្រជុំជនកាន់តែធំឡើងៗ។
វិសមភាពគឺកំពុងតែបង្កឲ្យមានក្តីបារម្មណ៍ដល់ប្រជាពលរដ្ឋនៅទូទាំងតំបន់នេះ។ ច្រើនជាង ៩០%នៃប្រជាជនក្នុងប្រទេសចិន និងជាងពាក់កណ្តាលនៃប្រជាជនក្នុងប្រទេសហ្វីលីពីន គិតថាភាពខុសគ្នានៃចំណូលនៅក្នុងប្រទេសរបស់ពួកគេគឺធំធេងណាស់។ សម្រាប់ប្រទេសឥណ្ឌូនេស៊ី ជិត ៩០%នៃប្រជាជនរបស់ខ្លួនគិតថា វាពិតជាមានការបន្ទាន់មួយដើម្បីដោះស្រាយវិសមភាពនេះ នៅពេលដែលប្រជាជនក្នុងប្រទេសវៀតណាម ៨នាក់ក្នុងចំណោម ១០ នាក់ បារម្មណ៍អំពីភាពខុសគ្នានៃស្តង់ដារជីវភាពរស់នៅ។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា៖ «ការណ៍ដែលប្រជាជនជិតមួយប៊ីលាននាក់នៅក្នុងតំបន់អាស៊ីបូព៌ា បានចាកផុតពីភាពក្រីក្រតោកយ៉ាកក្នុងរយៈពេលមួយជំនាន់មនុស្ស គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ។ ប៉ុន្តែ ដើម្បីឲ្យតំបន់នេះអាចរក្សាកំណើនប្រកបដោយបរិយាប័ន្នបាន បណ្តាប្រទេសនៅក្នុងតំបន់នេះចាំបាច់ត្រូវលៃលកដោះស្រាយភាពប្រឈមទាំងឡាយ ដោយលុបបំបាត់ឲ្យអស់ទាំងស្រុងនូវភាពក្រីក្រតោកយ៉ាក ពង្រីកទស្សនៈវិស័យសម្រាប់បង្កើនចល័តភាពផ្នែកសេដ្ឋកិច្ច និងធានាឲ្យបាននូវសន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់ជនគ្រប់រូប»។
តំបន់នេះបានប្រែក្លាយពីតំបន់មួយដែលសម្បូរភាគច្រើនជាប្រទេសក្រីក្រនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ទៅជាសំណុំប្រទេសមានចំណូលមធ្យម ដែលក្នុងនោះមានទិដ្ឋភាពវណ្ណៈសេដ្ឋកិច្ចចម្រុះ។ គិតមកត្រឹមឆ្នាំ២០១៥ ជិតពីរភាគបីនៃប្រជាជនក្នុងតំបន់ គឺជាអ្នករស់ក្នុងស្ថានភាពសេដ្ឋកិច្ចមានសន្តិសុខ ឬជាជនវណ្ណៈកណ្តាល គឺកើនឡើងពី២០%នៅក្នុងឆ្នាំ២០០២។
ភាគចំណែកនៃចំនួនជនក្រីក្រតោកយ៉ាក ឬ ជនក្រីក្រល្មម បានធ្លាក់ចុះយ៉ាងសន្ធឹកសន្ធាប់ គឺពីចំនួនជិតពាក់កណ្តាលនៃប្រជាជនសរុបក្នុងឆ្នាំ២០០២ មកនៅត្រឹមលើមួយភាគប្រាំបីបន្តិចក្នុងឆ្នាំ២០១៥។ ប៉ុន្តែ ចំនួនភាគរយនៃបុគ្គលដែលងាយរងគ្រោះធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ គឺអ្នកទាំងឡាយដែលរស់បានដោយសារចំណូលត្រឹមពី US$3.10 ទៅ US$5.10 ក្នុងមួយថ្ងៃ នៅតែដដែល រវាងឆ្នាំ២០០២ និងឆ្នាំ២០១៥ គឺប្រហែលមួយភាគបួននៃប្រជាជនសរុប។
គោលនយោបាយដែលមានលក្ខណៈប្លែកជាងបច្ចុប្បន្នបន្តិចសម្រាប់ធ្វើឲ្យមានកំណើតសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន អាចជួយលៃលកដោះស្រាយឧបសគ្គដែលវណ្ណៈសេដ្ឋកិច្ចផ្សេងៗគ្នាកំពុងជួបប្រទះ។ គោលនយោបាយសម្រាប់ជនក្រីក្រតោកយ៉ាកនៅសេសសល់ ដែលកាត់បន្ថយរបារឧបសគ្គដល់ឱកាសសេដ្ឋកិច្ច ក៏ដូចជាការរក្សាឲ្យបាននូវកំណើនមានមូលដ្ឋានទូលំទូលាយ អាចជួយពួកគេឲ្យឈានឡើងកាំជណ្តើរប្រាក់ចំណូលបានខ្ពស់ជាងបច្ចុប្បន្ន។ ការបង្កើនលទ្ធភាពទទួលបានសេវាសាធារណៈ មានសេវាថែទាំសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធជាដើម ក៏ដូចជាយន្តការនានាសម្រាប់គ្រប់គ្រងហានិភ័យផងដែរ នឹងជួយដល់ជនងាយរងគ្រោះផ្នែកសេដ្ឋកិច្ច។ អ្វីជាអាទិភាពសម្រាប់អ្នករស់ក្នុងស្ថានភាពសេដ្ឋកិច្ចមានសន្តិសុខ និង ជនវណ្ណៈកណ្តាល គឺការកែលម្អការផ្តល់សេវាសាធារណៈនិងគុណភាពរបស់វា ដូចជាលំនៅដ្ឋាន ទឹក និងអនាម័យ។
សសរស្តម្ភសម្រាប់ទ្រទ្រង់របៀបវារៈនេះមានបី គឺ ជំរុញចល័តភាពផ្នែកសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន គឺទាមទារឲ្យមានការបិតផ្ជិតនៃគម្លាតក្នុងការទទួលការងារនិងសេវាកម្ម ការបង្កើនគុណភាពការងារ និងការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ ។ សសរស្តម្ភទី២ គឺការផ្តល់សន្តិសុខសេដ្ឋកិច្ចឲ្យច្រើនជាមុន ដោយរួមទាំងការពង្រឹងប្រព័ន្ធជំនួយផ្នែកសង្គម ការពង្រីកការធានារ៉ាប់រងផ្នែកសង្គម និងការបង្កើនភាពរឹងមាំទប់នឹងវិបត្តិនានា ។ ការពង្រឹងស្ថាប័នគឺជាសសរស្តម្ភទី៣ ដោយរួមទាំងការធ្វើឲ្យប្រសើរនៃគោលនយោបាយពន្ធ ដើម្បីពង្រីកធនធាន និងការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីចំណាយប្រកបដោយបរិយាប័ន្ន។ ការគ្រប់គ្រងបានកាន់តែល្អលើជរាភាពឆាប់រហ័ស និង លើការរីកដុះដាលរបស់ទីប្រជុំជន ព្រមទាំងការពង្រីកភាពប្រកួតប្រជែង ក៏នឹងជួយដល់របៀបវារៈនេះដែរ។
លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា៖ “គោលនយោបាយសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន អាចដើរតួជាកិច្ចសន្យាសង្គមថ្មីមួយសម្រាប់បណ្តារដ្ឋាភិបាលនៅទូទាំងតំបន់នេះ។ សមាសភាគរបស់វានឹងលៃលកដោះស្រាយភាពចាំបាច់របស់វណ្ណៈសេដ្ឋកិច្ចនីមួយៗ ដោយរក្សាបាននូវសារពើពន្ធមានភាពទទួលខុសត្រូវ និងបង្កើនចំណូលតាមរបៀបមួយដែលមានប្រសិទ្ធផលនិងសមធម៌”។
របាយការណ៍នេះរៀបចំប្រទេសជាប្រាំក្រុម ហើយផ្តល់ជាអនុសាសន៍គោលនយោបាយដែលតម្រូវទៅតាមក្រុមនៃប្រទេសនីមួយៗ។ ប្រទេសម៉ាឡេស៊ី និង ប្រទេសថៃ ក្រុមប្រទេសមាន “វិបុលភាពឈានឡើង” ‘Progressive Prosperity’ ដែលមកទល់ពេលនេះបានលុបបំបាត់សឹងតែអស់ទៅហើយនូវភាពក្រីក្រតោកយ៉ាក ហើយជំរុញវណ្ណៈកណ្តាលឲ្យរីកដុះដាលកាន់តែធំ អាចធ្វើអាទិភាពបំពេញបំណងប្រាថ្នាកាន់តែធំឡើងរបស់វណ្ណៈកណ្តាល ហើយស្របពេលគ្នានោះ ធ្វើការកៀរគរនិងប្រើប្រាស់ធនធានសម្រាប់លៃលកដោះស្រាយភាពមិនស៊ីគ្នាដែលនៅសេសសល់។ ប្រទេសចិននិងប្រទេសវៀតណាម ក្រុមប្រទេស “ចេញផុតពីភាពក្រីក្រឈានចូលវិបុលភាព” ‘Out-of-poverty-into-prosperity’ ដែលក្នុងនោះមួយភាគធំនៃប្រជាជនរបស់គេជាអ្នករស់ក្នុងស្ថានភាពសេដ្ឋកិច្ចមានសន្តិសុខ ឬជាជនវណ្ណៈកណ្តាល គប្បីលៃលកដោះស្រាយបំណងប្រាថ្នាកាន់តែធំឡើងរបស់វណ្ណៈកណ្តាលរបស់គេ និងរបស់ក្រុមពលរដ្ឋងាយរងគ្រោះ ហើយព្រមពេលជាមួយគ្នានោះត្រៀមលក្ខណៈសម្រាប់ស្ថានភាពឆាប់ចាស់ជរារបស់ពលរដ្ឋ។
ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វ៊ីលីពីន និងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាក្រុមប្រទេស “ចាកផុតពីភាពក្រីក្រតោកយ៉ាក” ‘Out-of-extreme-poverty’ ដែលមានភាពក្រីក្រតោកយ៉ាកក្នុងកម្រិតទាប ប៉ុន្តែជនវណ្ណៈកណ្តាលក្នុងទំហំតូចនៅឡើយ។ ប្រទេសទាំងនេះអាចធ្វើអាទិភាពបង្កើនចល័តភាពផ្នែកសេដ្ឋកិច្ច និង ការធ្វើសមាហរណកម្មកម្មវិធីកិច្ចគាំពារសង្គម។ បណ្តាប្រទេសដែលនៅមិនសូវមានការរីកចម្រើន ដូចជាប្រទេសឡាវ និង ប្រទេសប៉ាពូ នូហ្គីណេ ដែលភាពក្រីក្រតោកយ៉ាកស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ អាចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រឲ្យបានកាន់តែរហ័សជាងបច្ចុប្បន្ននេះថែមទៀត តាមរយៈការវិនិយោគទៅក្នុងការអប់រំជាមូលដ្ឋាន និង ការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ ព្រមទាំងការពង្រឹងជំនួយនិងភាពធន់នឹងនៃសង្គមផងដែរ។ បណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វ៊ិក មានលក្ខណៈដោយឡែក ហើយចាំបាច់ត្រូវផ្តោតគោលនយោបាយរបស់ពួកគេទៅលើការទាញយកចំណេញពីឱកាសសេដ្ឋកិច្ចដែលកំពុងតែមានស្រាប់ ដូចជាវិស័យទេសចរណ៍ និង នេសាទ តាមរយៈការប្រើអានុភាពឱកាសការធ្វើចំណាកស្រុកពលកម្ម និង ការវិនិយោគទៅក្នុងការកាត់បន្ថយនិងការទប់ស្កាត់គ្រោះមហន្តរាយ។
តំបន់អាស៊ីបូព៌ាដែលកំពុងអភិវឌ្ឍន៍ បាននាំមុខគេក្នុងការបង្ហាញឲ្យឃើញថាតើ កំណើនឆាប់រហ័សនិងដែលមានការចែករំលែកទូលំទូលាយ អាចលើកប្រជាជនរាប់លាននាក់ចេញផុតពីភាពក្រីក្របានដូចម្តេចខ្លះ។ ជាមួយនឹងគោលនយោបាយទាំងនេះ បណ្តាប្រទេសក្នុងតំបន់អាចតទល់បានប្រកបដោយប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈមនានាដែលពេលនេះពួកគេជួបប្រទះ និង ដើម្បីឈានទៅសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន៕ ដោយ៖កូឡាប