ស្ត្រីម្នាក់បានលោចចុះទន្លេដើម្បីសម្លាប់ខ្លួន ប៉ុន្តែអ្វីៗប្រព្រឹត្តទៅពុំដូចបំណងប្រាថ្នារបស់នាងសោះ។
តាមកាសែត Shanghaiist ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៨/១១ នៅទីក្រុង ហ្វូអាន ខេត្តអានហ៊ួយ ប្រទេសចិន ខណៈពេលដែលស្ត្រីម្នាក់សម្រេចចិត្តលោតចុះទន្លេសម្លាប់ខ្លួន ព្រោះមានជម្លោះប្រកែកគ្នាជាមួយគ្រួសារ។ ប៉ុន្តែដោយសារអាវដែលស្ត្រីនោះពាក់វាមានកម្រាស់ក្រាស់ហួសហេតុ ធ្វើឲ្យនាងពុំអាចលិចចុះក្រោមផ្ទៃទឹកបាន។
ពេលដែលកងកម្លាំងសង្គ្រោះមានវត្តមាននៅកន្លែងកើតហេតុ ស្ត្រីរូបនោះនៅតែអណ្តែតលើផ្ទៃទន្លេ និងពុំព្រមហែលមកកាន់ច្រាំងភ្នាក់ងារសង្គ្រោះបង្ខំចិត្តលោតចុះទន្លេ ហើយអូសជនរងគ្រោះមកលើគោក រួចបញ្ជូនទៅមន្ទីរពេទ្យ។ គួរកត់សម្គាល់ថា មុននេះខែ ០២/២០១៧ នៅខេត្តក្វាងតុង ប្រទេសចិន ស្ត្រីម្នាក់លោតចុះទន្លេដើម្បីសម្លាប់ខ្លួន តែរាងកាយនាងនៅតែអណ្តែតលើផ្ទៃទឹក ព្រោះតែរាងកាយធាត់ខ្លាំងពេក៕