ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកុំព្យូទ័រវគ្គ Microsoft Excel and Microsoft PowerPoint និងបើកវគ្គហ្វឹកហ្វឺនជំនាញទ្បើងលើនាវា Boarding Officer Course (BOC)។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រខេត្តព្រះសីហនុ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក រិចស៍ រូបឺសាន់ (Rex Roberson) ប្រធានកម្មវិធីគ្រប់គ្រងការ នាំចេញ និងទំនាក់ទំនងសន្តិសុខតាមព្រំដែន (EXBS) ប្រចាំប្រទេស កម្ពុជា-ថៃ ផងដែរ។
នាឱកាសនោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនទាំងអស់នេះ នឹងជួយដល់កិច្ចប្រតិបត្តិការ របស់កងកម្លាំងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងការថែរក្សាសន្តិសុខទូទៅ ក្នុងដែនសមុទ្រ របស់ប្រទេសកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ក្នុងផែនការសកម្មភាពទប់ស្កាត់អំពើភេរវកម្មផ្សេងៗ ក៏ដូចជាគ្រប់បទល្មើសក្នុងលម្ហសមុទ្រ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ក៏បានចេញបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពក្នុងកិច្ចការពារថែរក្សាជីវៈចម្រុះធនធានបាតសមុទ្រ ក្នុងប្រទេសកម្ពុជា ដែលគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានធ្វើសកម្មភាពកន្លងមក ដោយសហការជាមួយអាជ្ញាធរ និងផ្នែកពាក់ពន្ធ័ទប់ស្កាត់ការបំផ្លាញតាមគ្រប់រូបភាព៕ ដោយ ៖ ដែន អយុធ្យា