ភ្នំពេញ៖ករណីសំណើរបស់លោករ៉ុង ឈុន សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣នៅថ្ងៃទី១០ធ្នូខាងមុខ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ។
ករណីនេះនារសៀលថ្ងៃទី៥ធ្នូនេះ លោកគី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុកអាចអនុញ្ញាត់ឲ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន៕ ដោយ៖បញ្ញាស័ក្តិ