សិស្សអាយុ ១៨ឆ្នាំ មកពីប្រទេសហ្សកហ្ស៊ី (Georgia) បានការបង្វិល និងដោះស្រាយដុំបួនជ្រុង (Cube) ចំនួន ៦ដុំ នៅក្រោមទឹក ដោយប្រើរយៈពេលមួយដង្ហើមប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីបំបែកកំណត់ត្រាពិភព (Guinness World Record)។
បុរសវ័យក្មេងឈ្មោះ Vako Marchelashvili អាយុ ១៨ឆ្នាំខាងលើបានធ្វើការចូលទៅក្នុងអាងកញ្ចក់ដ៏ធំមួយ ដើម្បីដោះស្រាយដុំបួនជ្រុងនៅក្រោមទឹក ដោយប្រើរយៈពេលមួយដង្ហើម គឺចំនួន ១នាទី និង ៤៤វិនាទី។ ការដែលអាចមានសមត្ថភាពនៅក្រោមទឹកដោយមិនធ្វើការដកដង្ហើមយ៉ាងយូរបែបនេះដោយសារបុរសខាងលើនោះធ្វើការហ្វឹកហាត់អស់រយៈជាយូរខែ។
គាត់និយាយដូច្នេះថា គាត់បានរៀបចំខ្លួនដើម្បីការប្រកួតក្រោមទឹកនោះអស់រយៈពេល ៦ខែ ដោយធ្វើការហ្វឹកហាត់ជាច្រើនម៉ោងក្នុងរយៈពេល ១ថ្ងៃ។
គាត់បន្ថែមថា “ខ្ញុំធ្វើការហ្វឹកហាត់យ៉ាងច្រើន ដើម្បីប៉ុនប៉ងបំបែកកំណត់ត្រាពិភពលោក និងដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនដែរ ពីព្រោះប្រសិនជាមានការថ្លោះថ្លោយតែបន្តិច វាអាចប៉ះពាល់ដល់ជីវិត”។
សិស្សសាលាដដែលនិយាយថា គាត់សង្ឃឹមថាកំណត់ត្រារបស់ខ្លួននៅបានយូរ ហើយគាត់ក៏សង្ឃឹមថានឹងបំបែកកំណត់ត្រាផ្សេងៗទៀតដែរ។
ក្រោយពេលធ្វើការពិនិត្យ សហព័ន្ធកំណត់ត្រាប្រទេសហ្សកហ្ស៊ី បានធ្វើការលិខិតបញ្ជាក់ពីលទ្ធផលរបស់បុរសវ័យក្មេងនោះ ហើយពួកគេក៏នឹងធ្វើការបញ្ជូនក្លីបវីដេអូ និងភស្ថុតាងនោះទៅកាន់អង្គការកំណត់ត្រាពិភពលោកផងដែរ ដើម្បីធ្វើការបញ្ជាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ន កំណត់ត្រាបង្វិល និងដោះស្រាយដុំបួនជ្រុងចំនួន ៥ដុំកំពុងត្រូវកាន់កាប់ដោយបុរសម្នាក់ឈ្មោះ Anthony Brooks មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិចកាលពីឆ្នាំ ២០១៤៕ សុភ័ក្ត្រ
ប្រភព៖ huffingtonpost