ភ្នំពេញ៖ទូតសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ខាងមុខនេះ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េ ហើយកូរ៉េ នឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគ ក្នុងការធ្វើការកែច្នៃ ផលិតផលកសិកម្ម។
លោក Kim Weon-jin ឯកអគ្គរដ្ឋទូតផុតអាណត្តិសាធារណរដ្ឋកូរ៉េ បានជម្រាបសម្តេចតេជោ ថា បេសកកម្មរបស់លោក រយៈពេល៣ឆ្នាំកន្លងមកនេះ គឺលោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្ម ការទូតនៅកម្ពុជា ក្នុងគោលដៅជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅវិមានសន្តិភាព រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ។
លោកបានបន្តថា នេះគឺជាខួប២០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ហើយទំនាក់ទំនងនេះទៀតសោត បើគ្មានសម្តេចតេជោ នាយករដ្ឋមន្ត្រីទេ ទំនាក់ទំនងនេះ ក៏មិនអាចមានមកដល់ចំណុចនេះដែរ។ លោក បានគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជា មានរការរីកចម្រើនមកទល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះ លោក Kim Weon-jin បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពការងារពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ ហើយនឹងការនាំផ្លែស្វាយកម្ពុជាចេញទៅសាធារណរដ្ឋកូរ៉េ។ នៅឆ្នាំ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ ហើយកូរ៉េនឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគ ក្នុងការធ្វើការកែច្នៃ ផលិតផលកសិកម្មផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចប្រកាសបានថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យដ៏ធំបំផុតមួយដែលបានវិវត្តន៍យ៉ាងឆាប់រហ័ស។ ជាអាទិ៍គឺយើងអាចឃើញតាមរយៈការហោះហើរជាច្រើនជើងពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជននិងប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជារហូតមកដល់ពេលនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយ អបអរសាទរ ចំពោះការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េ នៅឆ្នាំក្រោយនេះ។ សម្តេច ក៏បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនភាព ការងារដែលលោក Kim Weon-jin បានរាយការណ៍ជូនសម្តេច៕ ដោយ៖បញ្ញាស័ក្តិ