ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩នេះ ឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ជាពិសេស ធ្វើឲ្យប្រាកដថាការវិភាជន៍ថវិកា ពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាពរបស់ជាតិ ដែលជាចលករនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។
ការស្នើសុំរបស់សម្តេចប្រធានរដ្ឋសភា បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាឈ្វេងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩” ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សិក្ខាសាលានេះបានផ្តួចផ្តើម រៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិ ដែលពាក់ព័ន្ធជាច្រើន ក្នុងការផ្លាស់ប្តូរនូវព័ត៌មាន និងធាតុចូលបន្ថែមទៀត សម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ មុននឹងដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តនាពេលខាងមុខនេះ។
លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏បានលើកឡើងដែរថា ថវិកាឆ្នាំ២០១៩ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយ ដ៏មានសារសំខាន់ ដើម្បីអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣” និង “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤” ដើម្បីបន្តរក្សាស្ថិរភាព នយោបាយ បន្តពង្រឹងនិងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ បន្តរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងធានាបាន នូវប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឈានទៅសម្រេចឲ្យបាន នូវគោលនយោបាយគ្រឹះ គឺការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ច ដោយចីរភាពក្នុងរយៈពេលវែង មានអត្រាខ្ពស់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំ នៅលើមូលដ្ឋានទូលាយ និងមានសមត្ថភាពប្រកួតប្រជែងជាងមុន។
ចំណែកលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាងសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត ដ៏ច្រើនលើសលប់ របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលដៅគាំទ្រ ដល់ការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា ជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរ ដោះស្រាយ និងត្រូវបានវិភាជន៍សម្រាប់វិស័យអាទិភាព នៃគោលនយោបាយជាតិសំខាន់ៗជាសារវ័ន្ត។ “យើងចាត់ទុកថា ថវិកាជាតិឆ្នាំ២០១៩ នេះ ជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងការថែរក្សាការពារ និងពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការតាមដាន និងត្រួតពិនិត្យលើការអនុវត្តច្បាប់ថវិកា ឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ ដើម្បីធានា នូវប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។
នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានដោយជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងមក ដោយរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយ និងការឯកភាពជាតិ សម្រេចបាននូវសូចនាករសង្គមសំខាន់ៗ ដូចជា វិស័យអប់រំ សុខាភិបាល សម្រេចបានលទ្ធផលល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ចមានកំណើនខ្ពស់ជាមធ្យមក្នុងរង្វង់ ៧ភាគរយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយមកនៅត្រឹមក្រោម ១០ភាគរយ ដែលជាមធ្យម ជាង ១ ភាគរយ ក្នុងមួយឆ្នាំ ជាពិសេសបានកសាង និងប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ មានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅកា្លយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខាងមុខ៕ ដោយ ៖ កូឡាប