អាមេរិកកំពុងរៀបចំផែនការម្លៀសពលរដ្ឋខ្លួនចេញពីកូរ៉េខាងត្បូងហើយ ក្រោយទង្វើញុះញង់ បានកើតឡើងសារជាថ្មី បន្ទាប់ពីភាពស្ងៀមស្ងាត់ ២ខែកន្លងមក។
តាម Reuters នោះសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ Lindsey Graham បានប្រកាសថា ៖ អាមេរិកគប្បីជម្លៀសប្រពន្ធកូនរបស់ពលទាហានអាមេរិកដែលកំពុងបំពេញបេសកកម្មនៅកូរ៉េខាងត្បូង មកកាន់អាមេរិកវិញ ព្រោះស្ថានការណ៍លើឧបទ្វីបកូរ៉េបង្ហាញឲ្យឃើញថា “កំពុងឈានជិតដល់ជម្លោះយោធាជាមួយកូរ៉េខាងជើង”។
ការដែលអាមេរិកថ្លឹងថ្លែង រៀបផែនការជម្លៀសសាច់ញាតិពលទាហាននៅកូរ៉េខាងត្បូងជាទង្វើពុំធ្លាប់កើតមានឡើយ។
សមាជិកព្រឹទ្ធសភា ដែលបានសង្កត់ធ្ងន់ថា ៖ “យើងកំពុងឈានកាន់តែកៀកជម្លោះយោធាមួយជាមួយកូរ៉េខាងជើង ព្រោះប្រទេសនេះកំពុងរត់ប្រណាំងក្នុងការផលិតកាំជ្រួច ICMB ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ យើងពុំមានពេលវេលាច្រើនទៀតទេ”។
មុននោះអាមេរិកបានរៀបចំប្រព័ន្ធប្រកាសអាសន្ននៅកោះហាវ៉ៃ រួចជាស្រេច។ តាមអ្នកឯកទេសនោះ កាំជ្រួចកូរ៉េខាងជើងអាចហោះទៅដល់ហាវ៉ៃ ដោយប្រើពេលត្រឹម ២០វិនាទីប៉ុណ្ណោះ ហើយគេត្រូវការពេលវេលា ៥នាទី ដើម្បីសន្និដ្ឋានកន្លែងហោះហើររបស់វា។ ដូច្នេះពេលវេលាសម្រាប់ប្រកាសអាសន្ន និងសង្គ្រោះពលរដ្ឋ ១,៥លាននាក់ នៅសល់ត្រឹម ១៥នាទីប៉ុណ្ណោះ។
សកម្មភាពទាំងឡាយរបស់អាមេរិក ត្រូវបានក្រុមអ្នកជំនាញការនិយាយថា ៖ មន្ទីរបញ្ចកោណចាប់ផ្តើម “ភ័យ” ខ្លះហើយ ទោះបីជាគេនៅប្រើពាក្យសម្តីខ្លាំងៗចំពោះការជឿនលឿនរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍន៍កាំជ្រួច ICMB ។
កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួច Hwasong-15
តាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក H.R. McMaster នោះប្រសិនបើចាំបាច់ប្រធានាធិបតី Donald Trump នឹង “ដោះស្រាយ” គ្រោះគំរាមកំហែងកាន់តែកើនឡើងពីសំណាក់កូរ៉េខាងជើងដោយឯកតោភាគី។ ទោះយ៉ាងណាលោក McMaster លើកឡើងថា “ចិនមានសកម្មភាពមួយចំនួនដែលពុំធ្លាប់មាន” ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង “លើស”ពីបទបញ្ជាដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN។
លោក McMaster ក៏បានលើកឡើងបន្ថែមពីសក្តានុពលនៃកំណើនហានិភ័យ ប្រសិនបើកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត នាំគ្នាបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីស្វ័យការពារខ្លួនចំពោះការវាយលុករបស់កូរ៉េខាងជើងនោះ វាពិតជាធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរលើអ្វីដែលកំពុងកើតមាន។
ទោះយ៉ាងណា លោក McMaster ពោលថា ៖ អំឡុងពេលនេះ អាមេរិកនៅតែចាត់ទុកថា ដំណោះស្រាយការទូតនៅជាអាទិភាពដដែល៕ សូយន