ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ នឹងធ្វើការប្រកាសទទួលស្គាល់ទីក្រុងជេរូសាឡឹម (Jerusalem) ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក។
ប៉ុន្តែមន្ត្រីដដែលបាននិយាយថា លោក ដូណាល់ ត្រាំ នឹងមិនទាន់ធ្វើការផ្លាស់ស្ថានទូតអាមេរិចពីទីក្រុង Tel Aviv មកទីក្រុងជេរូសាឡឹម ភ្លាមៗនោះទេ។
ព៌តមាននៃការទទួលស្គាល់ទីក្រុងជេរូសាឡឹមរបស់អាមេរិចនេះ កើតឡើងមុនពេលដែលមានការថ្លែងការណ៏របស់ ដូណាល់ ត្រាំនៅថ្ងៃពុធនេះ។
មេដឹកនាំនៃប្រទេសអារ៉ាប់ជាច្រើន បានធ្វើការព្រមានពីខាងដើមប្រឆាំងទៅនឹងការផ្លាស់ប្តូរស្ថានទូតអាមេរិចនៅក្នុងទីក្រុង Tel Aviv (ទីក្រុងធំរបស់អ៊ីស្រាអ៊ែលដែរ) ទៅទីក្រុងជេរូសាឡឹម ដោយបានលើកឡើងថា ការផ្លាស់ប្តូរស្ថានទូត “គឺជាការបង្កើរឿងជាក់ស្តែងដល់អ្នកកាន់សាសនាអ៊ីស្លាម”។
ស្ថានភាពរបស់ទីក្រុងជេរូសាឡឹម ដែលជាតំបន់ពិសិដ្ឋរបស់អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន គឺកំពុងស្ថិតក្នុងស្ថានភាពមានជំលោះយ៉ាងខ្លាំង។
ប្រទេសអ៊ីស្រាអ៊ែលតែងតែចាត់ទុកទីក្រុងជេរូសាឡឹមជារដ្ឋធានីរបស់ខ្លួន ហើយអាមេរិចគឺជាប្រទេសដំបូងហើយដែលនឹងប្រកាសទទួលស្គាល់ទីក្រុងនេះ ចាប់តាំងពីមានការបង្កើតរដ្ឋក្នុងឆ្នាំ ១៩៤៨។
មន្ត្រីរដ្ឋបាល ដូណាល់ ត្រាំ បាននិយាយថា ការទទួលស្គាល់ជេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអ៊ែលត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ការពិតដោយប្រធានាធិបតី៕ សុភ័ក្ត្រ