Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯក រាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​

​ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ ​ដូចជា​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត​ដែរ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេ​មរ ភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៨​ឆ្នាំនេះ ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ពិធី​នេះ ក៏​មាន​វត្តមាន លោក ង្វៀន ថេ​គឿង ប្រធាន​កុងស៊ុល នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ព្រះសង្ឃ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​ថា ជា​ទិវា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា ទទួលបាន​ឯករាជ្យ សេរីភាព អធិបតេយ្យភាព​ពេញ លេញ​ពី​អាណានិគម និយម​បារាំង​សេស ក្រោម​ស្នា​ព្រះហស្ត និង​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហា​វីរៈ ក្សត្រ ព្រះ​បី​តា​ឯករាជ្យ បូរណៈភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដ៏​អង់អាច​ក្លាហាន និង​​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម ដែល​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​មាតុភូមិ​កម្ពុជា ពី​អាណានិគមនិយម​បារាំង​សេស ដែល​បាន​ត្រួតត្រា​កម្ពុជា​អស់​រយៈពេល​ជិត ១​សតវត្ស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​ជំហ​រថា ក្នុងនាម​រដ្ឋ បាល​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ខិតខំ​ជម្រុញ​ដល់​មន្ត្រី​ឱ្យ​យកចិត្តទុកដាក់​បម្រើ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ក្រុង ស្រុក ឃុំ សង្កាត់ ទូ​ទាំង​ខេត្ដ ឱ្យមាន​គុណភាព តម្លាភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​បាន​ទាន់ពេលវេលា និង​មាន​ទំនុកចិត្ត​ ៕​ ដោយ ៖ ដែន អយុធ្យា

   

×