Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់ ១.០១៤​លាន​ដុល្លារ

​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នៅក្នុង​នោះ ការនាំចេញ​ទំនិញ​របស់​កម្ពុជា បាន​កើនឡើង​ពី​ទឹកប្រាក់ ៧៥២​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់ ១.០១៤​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧​។ ទន្ទឹមគ្នានេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៥៥​លាន​ដុល្លារ ដែល​ធ្វើឱ្យ​អង់គ្លេស ស្ថិត​នៅ​តែ​ជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​។​

​មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក គ្រីស ផូក (Chris Pook) បានបង្ហាញ​ចំណាប់​អារម្មណ៍​ចូលរួម អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាព និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង់គ្លេស និង​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក គ្រីស ផូក បាន​គូសបញ្ជាក់ថា ចក្រភព​អង់គ្លេស មានបំណង​ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​សំខាន់ៗ នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។​

​មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​រូបនេះ បាន​បន្ថែមទៀតថា ក្រៅ​ពី​វិស័យ​អទិភាព​ខាងលើ អង់គ្លេស​ក៏​មាន​បំណង ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យ​ឆ្លាត (Smart City) នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជា​ច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ មក​កាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ​។​

​ជា​ការឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​លោក គ្រីស ផូក អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សហ​កម្ម និង​គោលនយោ​បាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការទាក់ទាញ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ អភិវឌ្ឍន៍​ជំនាញ និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់ (Belt & Road) របស់​ប្រទេស​ចិន និង​ធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

​បន្ថែម​លើ​នេះ តាមរយៈ​លោក គ្រីស ផូក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​វិនិយោគិន​អង់គ្លេស ធ្វើ​ការបណ្តាក់ទុន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ធនធានមនុស្ស ឧស្សហ​កម្មកែច្នៃ វិទ្យាសាស្ត្រ កសិកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពី​ព្រោះ​វិស័យ​ទាំងអស់នេះ គឺជា​កត្តា​អទិភាព ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×