ព្រះសីហនុ៖ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០១៧ បានបើកសម្ភោធអាគារមន្ទីរពិសោធន៍ខ្នាតតូច មានទីតាំងនៅក្នុងស្ថាប័ននេះ ដើម្បីឈានទៅបង្កើនប្រសិទ្ធភាពការងារ របស់មន្ត្រីជំនាញ ទាក់ទងសម្មភាពចុះត្រួតពិនិត្យ សុវត្ថិភាពចំណីអាហារនិងទំនិញផ្សេងៗ ដែលអាចមានគេលួចដាក់សារធាតុគីមីហាមឃាត់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារមន្ទីរពិសោធន៍ខ្នាតតូចនេះ នៅក្នុងបរិវេណសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ព្រមទាំងមានមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបានចូលរួម។
នាឱកាសនោះដែរ លោក ប៉ាន់ សូរស័ក្តិ មានជំនឿថា តាមរយៈមន្ទីរពិសោធន៍នេះ នឹងអាចជួយសម្រួលដល់សកម្មភាពចុះធ្វើការងារ របស់មន្ត្រីជំនាញកាំកុងត្រូល ខេត្តព្រះសីហនុ មានភាពងាយស្រួលក្នុងប្រតិបត្តិការចុះពិសោធន៍ ឬត្រួតពិនិត្យ ទៅលើផលិតផលចំណីអាហារ និងទំនិញផ្សេងៗ នាំចូលពីក្រៅប្រទេស និងកំពុងដាក់លក់ នៅលើទីផ្សារនានា ហើយត្រូវមន្ត្រីជំនាញរកឃើញ ឬសង្សយ័ថា អាចមានផ្ទុកសារធាតុគីមី ដែលច្បាប់បានហាមឃាត់ ព្រោះនាំអោយប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ។
បញ្ហានេះដែរ លោក ម៉ាង សុីណេត ប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានអោយដឹងដែរថា អាគារពិសោធន៍នេះ ជាការផ្តួចផ្តើមបង្កើតឡើង ដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូលផ្ទាល់ ហើយអាគារនេះ មាន កំពស់ ២ជាន់ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
មន្ទីរពិសោធន៍នេះ មានបណ្តោយ ១២ម៉ែត្រ និង ទទឹង ៨ម៉ែត្រ ចំណាយថវិការសាងសង់ចំនួន ៤៨៨.៩០៧.០០០រៀល។
លោក ម៉ាង ស៊ីណេត រំពឹងថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងអាចជួយជម្រុញអោយសម្មភាពចុះបំពេញការងារ ត្រួតពិនិត្យគុណភាពចំណីអាហារ ដែលឈ្មួញបាននាំចូល និង ដាក់លក់នៅលើទីផ្សារនានា ក្នុងមូលដ្ឋាននេះ របស់មន្ត្រីជំនាញសាខាកាំកុងត្រូល ខេត្តព្រះហនុ មានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ដែន សីមា