ខេត្តព្រះសីហនុ ៖ សត្វគោ ក្របី សរុបជិត៣០០ក្បាល របស់ប្រជាពលរដ្ឋ រស់នៅឃុំចំនួន២ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានមន្ត្រីជំនាញចុះចាក់ថ្នាំវ៉ាក់សាំង និងផ្តល់ជូនថ្នាំ សម្រាប់ការពារជំងឺផ្សេងៗ ពីសំណាក់ មន្ត្រីពេទ្យសត្វការិយាល័យស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា តបតាមការណែនាំ របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះចាក់ថ្នាំការពារជំជឺសារទឹកដល់សត្វ គោ ក្របី នៅឃុំ សាមគ្គី និងឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់ ដោយគោក្របីសរុប ២៨៧ក្បាល។ ក្នុងនោះមានគោចំនួន១៥៧ក្បាល និងក្របីចំនួន១៣៦ក្បាល។
លោកបន្តថា យុទ្ធនាការចាក់ថ្នាំការពារសារទឹកដល់សត្វចិញ្ចឹម របស់ប្រជាពលរដ្ឋ មានគោក្របីជាដើមនេះ គឺក្នុងមួយឆ្នាំៗ ធ្វើឡើងចំនួន២ដងគឺ គ្រប់ឃុំ ដែលមានសត្វគោក្របី ដោយចុះអនុវត្តនៅដើមឆ្នាំ និងចុងឆ្នាំ ។
លោក នេន ចំរើន ឱ្យដឹងបន្តថា យុទ្ធនាការនេះ ក៏មានចែកជូនថ្នាំត្រជាក់ សម្រឋប់ការពារជំងឺអុតក្តាមគោក្របី ដល់ពេទ្យសត្វភូមិ សម្រាប់តាមដាន និងជួយបង្ការជំងឺប្រភេទនេះ នៅក្នុងមូលដ្ឋានផងដែរ៕ ដោយ៖ ដែន សីមា