ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្សយ័២នាក់ ដែលជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីស្ត្រីជនជាតិចិនមួយរូប នាក្រុងព្រះសីហនុ។
សមត្ថកិច្ចនគរបាលឱ្យដឹងថា ក្រុមជនសង្ស័យទាំង២នាក់ខាងលើ បានប្រព្រឹត្តកាលនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៥០នាទី នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។មន្ត្រីនគរបាលឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ZHANG QI ភេទស្រី អាយុ ២៥ឆ្នាំ ជាជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ វិមានខ្សាច់ស ស្នាក់នៅសណ្ឋាគារ វិមានខ្សាច់ស សង្កាត់៤ ក្រុងសីហនុ។
ចំណែកសម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ស។ លុយដុល្លារ ៦០ដុល្លារ (នៅជាប់ទូរស័ព្ទ)។
ចំណែកជនសង្ស័យចំនួន២នាក់មានឈ្មោះ៖ ឈ្មោះ គេង សុខគា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកចែកបៀ នៅកាស៊ីណូ ជី.ធី អ៊ិនធើថេនម៉ិន ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ (ជិះពីក្រោយអ្នកឆក់) និងឈ្មោះ ហេង ចាន់តឹង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ (អ្នកបើកម៉ូតូ)។
សមត្ថកិច្ចឱ្យដឹងទៀតថា វត្ថុតាងចាប់យកបានពីជនសង្ស័យមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ស (ផលនៃអំពើទុច្ចរិត)- លុយដុល្លារ ៣៦ដុល្លារអាមេរិក (ផលនៃអំពើទុច្ចរិត) – ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ កោះកុង ១A-៤០៤៦(មធ្យោបាយធ្វើសកម្មភាព)។
មន្ត្រីនគរបាលឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជនជាតិចិនពិតប្រាកដមែន។ ហើយថា ករណីនេះ មន្ត្រីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ៖ ដែន សីមា