ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមហ៊ុនលោក នឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយមួយកន្លែង មានទីតាំងនៅអូរ៣ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ព្រមជាមួយគ្នានេះ ក៏នឹងសាងសង់អាគារផ្សារទំនើបលំដាប់អន្តរជាតិមួយកន្លែងទៀត នៅក្បែរសណ្ឋាគារប្រណិតនោះថែមទៀត។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា សណ្ឋាគារលំដាប់ផ្កាយខាងលើនេះ កំពស់ ១៨ជាន់ មានបន្ទប់ស្នាក់នៅជាង ៣០០បន្ទប់ និងបំពាក់បន្ថែម នូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀតសម្រាប់ភ្ញៀវ ដែលមកសំរាក។ លោកឧកញ៉ាបន្តថា សណ្ឋាគារនេះ គ្រោងចំណាយពេលសាងសង់រយៈពេល២ឆ្នាំ ដោយចំណាយថវិកាវិនិយោគលើការសាងសង់ជាង១ ៤លានដុល្លារសហរដ្ឋអាមេរិក។
លោកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងថាដូច្នេះ រួចបន្ថែមថា ការវិនិយោគសាងសង់សណ្ឋាគារខ្នាតធំខាងលើនេះ គឺជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ស្របពេលបច្ចុប្បន្នភាព ខេត្តទេសចរណ៍មជាប់សមុទ្រមួយនេះ កំពុងខ្វះបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ មានការខ្វះខាត។ ជាពិសេស ក៏ស្របពេលកំណើនអ្នកវិនិយោគពីបរទេស បានកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា គម្រោងខាងលើនេះ គឺជាគម្រោងទី២ ក្នុងវិស័យទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុន របស់បានស្ថាបនារមណីយដ្ឋាន”ម៉ាហ្វីយ៉ារីហ្សត” មានទីតាំងនៅឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង និងកំពុងបើកបំរើសេវាស្នាក់នៅជូនភ្ញៀវទេសចរសម្រុះជាតិសាសន៍។
សម្រាប់ប្រតិបត្តិការសេវាកម្មសណ្ឋាគារសង់ថ្មីនេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ធ្វើឡើងដោយផ្តោតជាសំខាន់សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុនាថ្ងៃខាងមុខ៕ ដោយ៖ ដែន សីមា