អ្នកជំនាញមុជទឹក Steve Hathaway, អាយុ56 ឆ្នាំ និង Andrew Buttle, អាយុ48ឆ្នាំ ដោយចៃដន្យបានពើបប្រទះនឹងសត្វព្រូនសមុទ្រដ៏ធំសម្បើមកំពុងហែលទឹកនៅតំបន់សមុទ្រជិតកោះភ្នំភ្លើង Whakaari, New Zealand ។
ពួកគេពិតជាស្មានពុំដល់ថាព្រូនសមុទ្រមូល វែង ប្រហោងកណ្តាល កំពុងធ្វើចលនាយឺតៗក្នុងជម្រៅទឹកប្រមាណ១០ម៉ែត្រ។ Andrewពោល៖ ខ្ញុំពុំដែលបានជួប ឬសម្លឹងឃើញខ្សែវីដេអូអំពីព្រូនសមុទ្រទេ ខ្ញុំពិតជាភ័យផង ហើយក៏អរផង ដែលបានប្រទះឃើញផ្ទាល់សត្វចម្លែកមួយបែបនេះ។ អ្នកមុជទឹករូបនេះសង្កត់ធ្ងន់ថា៖ ពិតជាពិបាកយល់ តែក៏អស្ចារ្យណាស់ដែរ ពេលបានទស្សនាកៀកយ៉ាងដូច្នេះ ពិសេសវាហែលប្រមាណ២០០ម៉ែត្រទើបបាត់ស្រមោលក្នុងទឹក។ម្យ៉ាងទៀតដោយសារតំបន់នេះសម្បូរព្រៃ ទើបវាមានការលូតលាស់ធំយ៉ាងនេះ ។
ព្រូនសមុទ្រដ៏ធំសម្បើមនេះមានឈ្មោះវិទ្យាសាស្ត្រថា Pyrosome ៕លីសា